ភ្នំពេញ ៖ ម៉ូតូម៉ាក HONDA PCX ត្រូវរថយន្តបុកពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់កាលពីវេលាម៉ោង១៨និង៣០នាទី ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខស្ថានីយបូមទឹកទួលសំពៅ លើផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក (គេចខ្លួនពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ធ្វើដំណើរលើផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-0414 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ជាន ទ្រី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិតាំងឫស្សី ឃុំរកាចន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់។
ក្នុងករណីនេះ បណ្តាលឲ្យម៉ូតូខូចខាតធ្ងន់០១គ្រឿង របួសមនុស្សធ្ងន់០១នាក់។ មូលហេតុបណ្ដាលមកពីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុករង់ចាំស្រាវជ្រាវបន្ត៕
Source: Kampuchea Thmey Daily
0 Comments