នៅថ្ងៃចន្ទ សកម្មជនប្រជាធិបតេយ្យហុងកុងឈានមុខចំនួន៣នាក់បានអះអាងថាខ្លួនឯងមិនមានទោសចំពោះការចោទប្រកាន់ពីបទរំខានជាសាធារណៈពាក់ព័ន្ធការចូលរួមរបស់ពួកគេនៅក្នុងការប្រមូលផ្តុំធំៗដែលអំពាវនាវឲ្យមានកំណែទម្រង់នយោបាយ។
អ្នកទាំងបីគឺស្ថិតក្នុងចំណោមសកម្មជនចំនួន៩នាក់ដែលសុទ្ធតែប្រឈមមុខនឹងការចោទប្រកាន់ពីបទ “រំខានជាសាធារណៈ” សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងបាតុកម្ម “ចលនាឆ័ត្រ” ឆ្នាំ២០១៤។ ការចោទប្រកាន់នេះគឺផ្អែកលើច្បាប់សម័យអាណានិគមនិងមានទោសជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ។
សាស្ត្រាចារ្យសង្គមវិទ្យា Chan Kin-man អាយុ៥៩ឆ្នាំ, សាស្ត្រាចារ្យច្បាប់ Benny Tai អាយុ៥៤ឆ្នាំនិងរដ្ឋមន្ត្រីប៉ាបទីស Chu Yiu-ming អាយុ៧៤ឆ្នាំបានបង្កើតចលនា Occupy Central ក្នុងឆ្នាំ២០១៣និងបានចូលរួមជាមួយ “ចលនាឆ័ត” ដឹកនាំដោយនិស្សិតដែលបានធ្វើឲ្យផ្នែកខ្លះនៃទីក្រុង នេះត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែដោយអំពាវនាវឲ្យមានការបោះឆ្នោតដោយសមរម្យសម្រាប់មេដឹកនាំរបស់ទីក្រុងនេះ។
សកម្មជនទាំងនេះត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់រយនាក់នៅខាងក្រៅតុលាការ។
រដ្ឋអាជ្ញា Andrew Bruce បានអះអាងថា ការតវ៉ាទ្រង់ទ្រាយធំបានបណ្តាលឲ្យមានការរងរបួសជាទូទៅដល់សាធារណជនដែលត្រូវរងផលប៉ះពាល់ដោយការកកស្ទះផ្លូវធំៗ។
លោកបានចោទប្រកាន់អ្នកទាំងបីថាបានចូលរួមនិងគាំទ្រការធ្វើបាតុកម្មតាមវិធីរារាំងផ្លូវនិងទីកន្លែងសាធារណៈដោយខុសច្បាប់។
ចលនា Occupy Central បានអំពាវនាវឲ្យមានការកាន់កាប់សង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងហុងកុងប្រសិនបើសាធារណជនមិនទទួលបានការបោះឆ្នោតដោយយុត្តិធម៌សម្រាប់មេដឹកនាំទីក្រុងនេះដែលត្រូវបានតែងតាំងដោយគណៈកម្មាធិការគាំទ្រទីក្រុងប៉េកាំង។
វាត្រូវបានផ្លាស់ប្តូរដោយចលនានិស្សិតដែលផ្ទុះឡើងក្នុងខែកញ្ញាឆ្នាំ២០១៤នៅពេលដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើការប្រមូលផ្តុំហ្វូងមនុស្ស។
អ្នកទាំងបីបានជំរុញឲ្យមនុស្សចូលរួមក្នុងអ្វីដែលត្រូវបានគេស្គាល់ថាជា “ចលនាឆ័ត្រ” នៅពេលអ្នកតវ៉ាបានប្រើឆ័ត្រដើម្បីការពារខ្លួនពីឧស្ម័នបង្ហូរទឹកភ្នែកនិងការបាញ់ស្ព្រាយហឹរ។
ចលនានេះបានបរាជ័យក្នុងការឈ្នះកំណែទម្រង់ហើយចាប់តាំងពីពេលនោះមក សកម្មជននានាត្រូវបានគេកាត់ទោសដោយមានអ្នកខ្លះត្រូវជាប់ពន្ធនាគារ៕ AFP
Source: Kampuchea Thmey Daily
0 Comments