Ad Code

កីឡាករ ឃួន ឡា​បូ​រ៉ាវី ចង់​ផ្តោតលើ​ឱកាស​ជួយ​ក្លិប​ជាមុនសិន ដោយ​មិនទាន់​គិត​កៅអី​ក្រុម​ជម្រើសជាតិ​នោះទេ



កីឡាករ ឃួន ឡា​បូ​រ៉ាវី ដែល​ជា​សមាជិក​ក្រុម Surat Thani FC​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​៣​របស់​ប្រទេស​ថៃ (T3-League) នៅ​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​បាន​សម្រេចចិត្ត​ត្រឡប់​មក​បន្ត​អាជីព​នៅ​ស្រុកកំណើត​វិញ​ហើយ ពោល​គឺ​ចូលរួម​ជាមួយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ដើម្បី​ត្រៀម​យុទ្ធនាការ​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។

កីឡាករ​មកពី​ខេត្តកំពង់ចាម រូប​នេះ​បាន​បញ្ជាក់​ថា «​និយាយ​ទៅ​ពេល​ចូល​លេង​វិញ ខ្ញុំ​ផ្ដោត​លើ​ការ​ជួយ​ក្រុម​បឹងកេត ជាមុនសិន ហើយ​កៅអី​ជម្រើសជាតិ​ហ្នឹង វា​លើ​ខាង​គ្រូ​ជា​អ្នក​មើលឃើញ​ទេ បើ​គេ​មើល​ឃើញ​ថា ​យើង​ជួយ​ក្លិប​បាន​ល្អ ហើយ​គេ​រើស យើង​នៅតែ​ចូលរួម តែបើ​មិន​ជាប់ ក៏​យើង​នៅតែ​ប្រឹង​សម្រាប់​ក្លិប​យើង​ដដែល​»​។ កីឡាករ​រូប​នេះ​បាន​បង្ហើប​ថា មាន​ភ្នាក់ងារ​ដោះដូរ​កីឡាករ​បាន​ទាក់ទង​រូបគេ​ទៅ​បន្ត​អាជីព​កាន់​ក្លិប​ក្រៅប្រទេស​ដែរ​ នា​ពេល​ចុង​ក្រោយនេះ​តែ​ថា គេ​នៅតែ​ចង់​លេង​ឲ្យ​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី​សិន ព្រោះ​អាច​នៅក្បែរ​គ្រួសារ។

គេ​ចាំ​បាន​ថា ​កីឡាករ ឃួន ឡា​បូ​រ៉ាវី ជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ពោល​គឺ​ឈ្នះ​៤​លើក​ច្រើនជាង​កីឡាករ​ដទៃ គិត​តាំង​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០៧ មក​ពោល​គឺ​នៅ​ឆ្នាំ​២០១១ និង​២០១២ ជាមួយ​ក្រុម​ខេត្តស្វាយរៀង (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) នៅ​ឆ្នាំ​២០១៤ និង​២០១៧ ជាមួយ​បឹង​កេត​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ​ដោយ​កាលនោះ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ដល់​ឆ្នាំ​២០១៤ រូបគេ​បាន​ចេញទៅ​ចូល​រួម​ជា​មួយ​ក្រុម​បឹង​កេត រហូតដល់ បច្ចុប្បន្ន។ ចំពោះ​ក្នុង​ក្រុម​ជម្រើសជាតិ​វិញ រូបគេ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម U23 កម្ពុជា ចាប់ពី​ឆ្នាំ​២០០៩ ដល់​២០១១ ខណៈ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន​រូបគេ​ក៏​មាន​ឈ្មោះ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​។

កីឡាករ​កម្ពុជា ១,៨១​ម៉ែត្រ​រូប​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ៣​លើក​គឺ​នៅ​ឆ្នាំ​២០១៣ ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ឈ្នះ​ជាមួយ​ក្រុម​បឹង​កេត ​ខណៈ​ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១១,២០១២ ផង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​កីឡាករ ឃួន ឡា​បូរ៉ា​រី ធ្លាប់​ឈ្នះ​ពានរង្វាន់​កីឡាករ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ដល់​ទៅ​៥​លើក​គឺ​ក្នុង​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៣ និង​ឈ្នះ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០១១,២០១២,២០១៤​និង​២០១៧៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu