Ad Code

មនុស្ស​ប្រាំ​នាក់​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ខណៈ​១៥០,០០០​នាក់​ត្រូវ​បង្ខំ​ឲ្យ​ភៀសខ្លួន



មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់​និង​១៥០,០០០​នាក់​ត្រូវបាន​ជម្លៀស​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​ភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ​បាន​ឆាបឆេះ​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​ហើយ​មាន​ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ដែលជា​ហេតុ​គំរាម​ដល់​រមណីយដ្ឋាន​ដ៏​ល្បីឈ្មោះ Malibu​។​

ក្រុមមន្ត្រី​បាន​និយាយថា ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​យានជំនិះ​របស់​ពួកគេ​ខណៈ​កំពុង​ព្យាយាម​គេច​ពី​អគ្គិភ័យ​ចុងរដូវ​ដ៏​សន្ធោសន្ធៅ​នៅក្នុង​ទីក្រុង Paradise ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែលជា​កន្លែង​ប្រជាជន​ទាំងមូល​ចំនួន​២៦,០០០​នាក់​ត្រូវបាន​បញ្ជា​ឲ្យ​ជម្លៀសចេញ​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​នាយកដ្ឋាន​តម្រួត​តំបន់ Butte បាន​និយាយថា “​ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា ជនរងគ្រោះ​គឺ​ស្ថិតនៅក្នុង​រថយន្ត​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​ភ្លើង​ឆេះ​ព្រៃ Camp Fire”​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ពួកគេ​មិនទាន់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​។​
​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា (Cal Fire) បាន​និយាយថា អគ្គិភ័យ Camp Fire ដែល​រាលដាល​យ៉ាង​លឿន​គឺ​ត្រូវបាន​រុញច្រាន​ដោយ​ខ្យល់​បក់​ខ្លាំង​ដើម្បី​ឆេះ​កម្ទេច​ផ្ទៃដី​៧០,០០០​ហិច​តា​និង​មិន​ត្រូវបាន​គេ​ទប់ស្កាត់​បានឡើយ​។​

ក្រុមមន្ត្រី​បាន​និយាយថា អណ្តាតភ្លើង​បាន​បំផ្លាញ​ផ្ទះ​រាប់រយ​ខ្នង មន្ទីរពេទ្យ​មួយ ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ ភោជនីយដ្ឋាន​ជាច្រើន​និង​យានយន្ត​ជាច្រើន​គ្រឿង​នៅក្នុង​ទីក្រុង Paradise ។​

អាជ្ញាធរ​បានចេញ​បញ្ជា​ឲ្យ​មានការ​ជម្លៀស​ជា​ចាំបាច់​សម្រាប់​មនុស្ស​ជាង​៥០,០០០​នាក់​នៅ​តំបន់​មាន​ទេសភាព​នៃ​ភ្នំ Sierra Nevada មួយ​នេះ​រួមទាំង​អ្នកស្រុក​មួយចំនួន​ក្នុង​ទីក្រុង Chico ដែលមាន​ប្រជាជន​ចំនួន​៩៣,០០០​នាក់​នៅ​ជិត​ទីក្រុង Paradise ផងដែរ​។​

អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​ទើប​ជាប់ឆ្នោត​លោក Gavin Newsom បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដើម្បី​ផ្តល់ជំនួយ​ដល់​តំបន់​រងគ្រោះ​ដោយ​អគ្គិភ័យ​។​
​អ្នក​ពន្លត់​អគ្គិភ័យ​ជាង​២,២០០​នាក់​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នេះ​ដោយមាន​ការគាំទ្រ​ពី​ឧទ្ធម្ភាគចក្រ​និង​រថយន្ត​ដឹក​ទឹក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu