Ad Code

ប្រញាប់​ពេក​ ជិះ​ម៉ូតូ​មិន​គោរព​អ្នកបញ្ជា​ចរាចរណ៍ ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ សន្លប់​ឈឹង​ពីរ​នាក់​ប្ដី​ប្រពន្ធ​



ភ្នំពេញ ៖ ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​រង​របួស​ធ្ងន់​សន្លប់​ឈឹង​នៅ​កន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ចូល​ក្រោម​រ៉ឺម៉ក ​ដោយសារតែ​មិន​ព្រម​គោរព​តាម​អ្នក​ឈរ​បញ្ជា​ចរាចរណ៍​ថា​ឲ្យ​ឈប់​សិន​ រង់ចាំ​រ៉ឺម៉ក​ឆ្លង​ផុត ​តែ​ខណៈ​រ៉ឺម៉ក​កំពុង​បើក​ឆ្លង​ ម៉ូតូ​ជនរងគ្រោះ​ក៏​មក​បុក​ពេញទំហឹង​តែម្ដង កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ ​សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍សែន​ជ័យ។​

ជនរងគ្រោះ​ពីរ​នាក់​ប្ដី​-​ប្រពន្ធ ប្ដី​ឈ្មោះ ឃិន សាមឿន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុក​កំណើត​ភូមិ​ត្រាំ​ខ្នារ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ចំណែក​ប្រពន្ធ​ឈ្មោះ សោម ស្រី​ល័​ក្ខ អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​ស្នួល ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ ទាំង​២​នាក់​ស្នាក់នៅ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER X ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-3597។ ចំណែក ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក ស៊ីធី​ផ្លើស​ដឹក​តាប​ប៊ីយែរ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់​ឈ្មោះ។​

តាម​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​បើក​ឆ្លង​ផ្លូវ ពី​លិច​ទៅ​កើត ហើយ​មាន​មនុស្ស​២​នាក់​ផ្សេងទៀត មក​ឈរ​សម្រួល​ចរាចរណ៍ ដើម្បី​ឲ្យ​រ៉ឺម៉ក​ឆ្លង​ផ្លូវ​សិន យានយន្ត​ផ្សេងៗ​ទៀត ​ទាំង​រថយន្ត​ និង​ម៉ូតូ ដែល​មាន​ដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ឈប់​រង់​ចាំ​ដើម្បី​ឲ្យ​រ៉ឺម៉ក​ឆ្លង​ផ្លូវ​សិន ចំណែក​ម៉ូតូ​រងគ្រោះ​វិញ ជិះ​ឌុប​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែរ​នោះ​ បាន​បើក​សសៀរ​តាម​ប្រឡោះ​រថយន្ត​ដែល​កំពុង​ឈប់​ចាំ​នោះ ក៏​ជ្រុល​ទៅ​បុក​ចូល​ក្រោម​រ៉ឺម៉ក​តែម្ដង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​២​នាក់។​

ក្រោយ​កើតហេតុ ជនរងគ្រោះ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ឯ ម៉ូតូ និង រ៉ឺម៉ក ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu