ព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ន ជំនាញច្បាប់ភ្នាក់ងារសន្តិសុខឯកជន និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនភ្នាក់ងារសន្តិសុខឯកជនចំនួន១៥៤ មកពី៣០សហគ្រាស ក្នុងខេត្តព្រះសីហនុ។
តាមរបាយការណ៍ស្វាគមន៍របស់លោកវរសេនីយ៍ឯក ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានឲ្យដឹងថា វគ្គបំប៉នជំនាញច្បាប់ភ្នាក់ងារសន្តិសុខឯកជន មួយថ្ងៃ មានភ្នាក់ងារសន្តិសុខឯកជនចំនួន១៥៤នាក់ ស្រី៥នាក់ មកពី៣០ សហគ្រាស សិក្សារយៈពេលមួយថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លទ្ធផល នៃការសិក្សា សិក្ខាកាមទទួលបាននិទ្ទេសល្អ៦០ភាគរយ បង្គួរ៣០ភាគរយ និងមធ្យម១០ភាគរយ។
តាមកម្មវិធីសិក្សា វគ្គបំប៉នជំនាញនេះ មានគោលបំណងជំនួយស្មារតីដល់ភ្នាក់ងារសន្តិសុខឯកជន ឲ្យយល់ដឹងអំពីសិទ្ធិតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគិន ដូច្នេះភ្នាក់ងារសន្តិសុខឯកជន ត្រូវមានការយល់ដឹងអំពីច្បាប់ និងមានវិន័យ មានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការបំពេញការងារ កុំធ្វើសកម្មភាពផ្ទុយពីច្បាប់កំណត់ ហើយក្នុងវគ្គបំប៉ននេះ ក៏បានបញ្ជ្រាបអំពីក្រមព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ ដើម្បីឲ្យភ្ញាក់ងារសន្តិសុខឯកជន បានយល់ដឹងផងដែរ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង លោកស្នងការបានសំណូមពរដល់វិស័យឯកជន សូមឲ្យគោរពតាមច្បាប់តួនាទីភារកិច្ចរបស់ខ្លួន ត្រូវការពារសន្តិសុខ ជូនអ្នកវិនិយោគិន ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដែលខ្លួនទទួលខុសត្រូវការជ្រើសរើសបុគ្គលិកសន្តិសុខឯកជនត្រូវធ្វើឡើងតាមលក្ខខណ្ឌ ដែលច្បាប់បានកំណត់ មានប្រវត្តិរូបច្បាស់លាស់។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះវិស័យឯកជនដែលបានចាត់បញ្ជូនសមាជិកមកចូលរួមវគ្គបំប៉នជំនាញច្បាប់ភ្នាក់ងារសន្តិសុខឯកជន តាមការណែនាំរបស់នាយកដ្ឋាន និងបានផ្ដាំផ្ញើឲ្យអ្នកដែលបានមកចូលរួមរៀនសូត្រ ត្រូវបន្តផ្សព្វផ្សាយ ប្រែក្លាយចំណេះដឹងក្នុងការសិក្សានេះ ទៅអនុវត្តជាក់ស្ដែង ឲ្យមានប្រសិទ្ធភាពល្អ៕
Source: Kampuchea Thmey Daily
0 Comments