Ad Code

ក្រសួង​សង្គមកិច្ច ចុះ MoU ជាមួយ​អង្គការ​ធំៗ​ចំនួន​៣ ដើម្បី​ជួយ​ដល់​កុមារ ស្ត្រី​រងគ្រោះ និង​ងាយ​រង​គ្រោះ​ នៅ​កម្ពុជា​



ភ្នំពេញ ​៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ បាន​ចុះ​កិច្ចព្រមព្រៀង (MoU) ជាមួយ​អង្គការ​ធំៗ​ចំនួន​៣ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ សម្រាប់​គម្រោង​៣​ឆ្នាំ​ ដើម្បី​ជួយ​ដល់​កុមារ និង​ស្ត្រី​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា។​
​ ​
កិច្ចព្រមព្រៀង​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​ដោយមាន​ការចូលរួម​ពី លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​, មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង រួម​នឹង​តំណាង​របស់​អង្គការ​ទាំង​៣ និង​មន្ត្រី​-​ក្រុមការងារ​ នៅតាម​បណ្ដា​ខេត្ត​ជា​ច្រើនរូប​ទៀត​។​

អង្គការ​ចំនួន​៣ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​នេះ រួមមាន អង្គការ​ហូល​ថ៍​ដើម្បី​សុខុមាលភាព ដោយមាន​គម្រោង​ថវិកា​ចំនួន​៣៦​ម៉ឺន​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ​, អង្គការ​ពន្លឺ​កម្ពុជា ដោយមាន​គម្រោង​ថវិកា​ចំនួន​៧៩១,១៦៨​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ និង​អង្គការ​ជំហាន​ដំបូង​កម្ពុជា មាន​គម្រោង​ថវិកា​ចំនួន​៨៥៤, ៨៣១​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ​។​

លោក ហាច ហ៊ាន បាន​មានប្រសាសន៍ថា​ការ​ចុះហត្ថលេខា ជាមួយ​អង្គការ​ចំនួន​៣​នេះ ​ក្នុង គោល​ដៅ​សំខាន់ គឺ​ផ្ដោត​លើ​ការងារ​ជួយឧបត្ថម្ភ​ផ្នែក​អប់រំ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​កុមារ ជន​រង​គ្រោះ និង​ជន​ងាយ​រងគ្រោះ​។

ជាមួយគ្នា​នោះ លោក​បាន​ស្នើ​ដល់​អង្គការ​ទាំង​៣​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឲ្យ​ចំ​ទិសដៅ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ផ្ទាល់ ឲ្យ​បាន​ច្រើនជាង​ការ​ចំណាយ​ផ្នែក​រដ្ឋបាល​។

លោក​បាន​ស្នើ​ដល់​អង្គការ​ទាំង​៣​នេះ អនុវត្ត​គោរព​ទៅតាម​ការ​ចុះ​កិច្ចព្រមព្រៀង មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ជួយ​សង្គម​កម្ពុ​ជា​យ៉ាងពិត​ប្រាកដ​។​

លោក​ក៏បាន​ស្នើ​ឲ្យ​ក្រុមការងារ​ក្រសួង និង​អង្គការ ដែល​សហការ​នាពេលនេះ​រួមគ្នា ដើម្បី​ធ្វើ​ការងារ​ជួយ​ដល់​ការអប់រំ ការសិក្សា និង​អភិវឌ្ឍន៍​កុមារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា ដាច់ស្រយាល និង​ជួយ​ដល់ កុមារ កំព្រា កុមារ​ក្រីក្រ និង​កុមារ​ដែល​រងគ្រោះ ដោយសារ​អំពើ​ហិង្សា​។

សម្រាប់​ក្រសួង​សង្គមកិច្ច​វិញ នៅតែ​ស្វាគមន៍​ជានិច្ច ជាមួយ ដៃគូ​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​នៅ​កម្ពុជា ឲ្យ​មាន​ជីវភាព និង​ជីវិត​រស់នៅ ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu