ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មត ប៉ៃលិន មានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ស៊ួស ស៊ីយ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត លោក ចេង ញ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត សមត្ថកិច្ចទាំងបីស្ថាប័ន ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ/ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៣៦១នាក់។
លោក ចេង ញ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ដែលយកអស់កម្លាំងកាយចិត្ត ចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ហើយពិសេសនាពេលនេះ បានចុះផ្សព្វផ្សាយ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឲ្យកាន់តែយល់ច្បាស់ អំពីច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះដែរ លោក ក៏ឲ្យអ្នកដែលចូលរួមកម្មវិធីនេះ ចេះធ្វើការផ្សព្វផ្សាយបន្ត ឲ្យបានជ្រួតជ្រាបគ្រប់គ្នា ក្នុងន័យចូលរួមជួយកាត់បន្ថយ និងឈាន ទៅដល់ការលុបបំបាត់ទាំងស្រុង នូវរាល់គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។
លោកក៏បានធ្វើការរំលឹកដែរថា « បើផឹកសូមកុំបើកបរ បើបើកបរ សូមកុំផឹកគ្រឿងស្រវឹង» ហើយពេលមុន និងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់មុនចេញដំណើរផងដែរ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍លើកឡើងថា ៖ មូលហេតុ ដែលយើងរៀបចំធ្វើការផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នូវជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់ ព្រោះវាជាកត្តាធ្វើឲ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនទៀតផង។
ឯកឧត្ដម បានបន្តថា កត្តាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរ ហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ។
ក្នុងនោះដែរ ឯកឧត្ដមក៏បានអំពាវនាវដល់ លោក លោកស្រី ព្រមទាំងសិស្សានុសិស្ស ដែលចូលរួម សូមមេត្តាជួយផ្សព្វផ្សាយបន្តដល់តាមមូលដ្ឋាន ដែលខ្លួនរស់នៅឲ្យបានជ្រួលជ្រាបគ្រប់ៗគ្នាផងដែរ ។
នៅក្នុងពិធីនេះ ក៏មានចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ជួនដល់លោក លោកស្រី សិស្សានុសិស្ស និងមានការសួរ និងឆ្លើយសំនួរ ដោយមានការបកស្រាយពីជំនាញពាក់ព័ន្ធច្បាប់ចរាចរណ៍ ផងដែរ។
គួររំលឹកដែរថា បើតាមលោក ឡាយ អង្គារ៉ា អភិបាលរងក្រុងប៉ៃលិន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីកត្តាបីយ៉ាង គឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ ដែលគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបណ្ដាលមកពីការបើកបរសេពគ្រឿងស្រវឹង ការបើកបរ ហួសល្បឿនកំណត់ និងពុំទាន់យល់ច្បាស់ អំពីច្បាប់ចរាចរណ៍ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments