អាជ្ញាធរបាននិយាយថា ការផ្ទុះនិងអគ្គិភ័យនៅជិតរោងចក្រគីមីមួយបានបណ្តាលឲ្យមនុស្សយ៉ាងតិច២២នាក់ស្លាប់និង២២នាក់ទៀតរងរបួសនៅថ្ងៃពុធក្នុងតំបន់ភាគខាងជើងប្រទេសចិនដែលទីនោះនឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០២២។
នាយកដ្ឋានឃោសនាក្នុងតំបន់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ខ្លួនថា ឧបទ្ទវហេតុនៅជិតក្រុមហ៊ុន Hebei Shenghua Chemical Co. ក្នុងទីក្រុង Zhangjiakou ដែលមានចម្ងាយ២០០គីឡូម៉ែត្រភាគពាយព្យទីក្រុងប៉េកាំងមួយនេះក៏បានដុតបំផ្លាញរថយន្តធុនតូចនិងធុនធំចំនួន៥០គ្រឿងផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបន្ទាប់ពីការផ្ទុះនេះដែលបានកើតឡើងបន្ទាប់ពីពេលពាក់កណ្តាលយប់។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបាននិយាយទេថាតើរោងចក្រនេះត្រូវបានប៉ះពាល់ដោយការផ្ទុះឬថាតើវាបានកើតឡើងនៅលើផ្លូវដែរឬក៏អត់។
នាយកដ្ឋានឃោសនាបាននិយាយថា “ការស្វែងរកនិងជួយសង្គ្រោះនៅនឹងកន្លែងនិងការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុនេះនៅតែកំពុងដំណើរការ”។
ទីក្រុង Zhangjiakou នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជិះស្គីលើភ្នំអាល់អូឡាំពិកនៅរដូវក្ដៅឆ្នាំ២០២២ដែលទីក្រុងប៉េកាំងនឹងរៀបចំ។
គ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ឧស្សាហកម្មគឺជារឿងធម្មតានៅប្រទេសចិន។
ការផ្ទុះនៅរោងចក្រគីមីមួយក្នុងខេត្ត Sichuan ភាគនិរតីបានបណ្តាលឲ្យមនុស្សចំនួន១៩នាក់ស្លាប់និង១២នាក់រងរបួសកាលពីខែកក្កដា។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការសាងសង់ខុសច្បាប់ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យសុវត្តិភាព។
ក្នុងឆ្នាំ២០១៥ ការផ្ទុះសារធាតុគីមីដ៏ធំសម្បើមនៅរោងចក្រមួយបានសម្លាប់មនុស្សយ៉ាងតិច១៦៥នាក់នៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើង៕ AFP
Source: Kampuchea Thmey Daily
0 Comments