អ្នកផ្តល់ព័ត៌មានសំខាន់ម្នាក់បាននិយាយនៅឯសវនាការមួយកាលពីថ្ងៃព្រហស្បតិ៍ថា ស្តេចត្រាញ់គ្រឿងញៀន Joaquin “El Chapo” Guzman បានបង់ប្រាក់សំណូកយ៉ាងច្រើនដល់រដ្ឋអាជ្ញាម៉ិកស៊ិក ប៉ូលិស យោធានិងសូម្បីតែប៉ូលិស Interpol ដើម្បីធានាដល់ប្រតិបត្តិការដ៏រលូនរបស់ក្រុម Sinaloa។
លោក Jesus “El Rey” Zambada ដែលជាប្អូនប្រុសរបស់មេក្រុមមួយរូបទៀតឈ្មោះ Ismael “El Mayo” Zambada ដែលកំពុងរត់គេចខ្លួនគឺបានរៀបរាប់លម្អិតអំពីការចំណាយដើម្បីការពារការដឹកជញ្ជូនកូកាអ៊ីនដែលមានប្រភពដើមនៅប្រទេសកូឡុំប៊ីហើយធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសម៉ិកស៊ិកជាមួយការបង់ប្រាក់រហូតដល់ទៅ៣០០,០០០ដុល្លារក្នុងមួយខែត្រឹមតែនៅក្នុងទីក្រុង Mexico City តែមួយប៉ុណ្ណោះ។
លោក Zambada ដែលបានធ្វើការឲ្យក្រុមគ្រឿងញៀនចាប់តាំងពីឆ្នាំ១៩៨៧រហូតដល់ការចាប់ខ្លួនរបស់គាត់កាលពីឆ្នាំ២០០៨គឺបានធ្វើជាសាក្សីនៅថ្ងៃទីបីនៃការជំនុំជម្រះក្តីមួយដែលគេរំពឹងថានឹងចំណាយពេលប្រហែល៤ខែ។
គាត់បានប្រាប់តុលាការថា ក្នុងនាមជាប្រធានប្រតិបតិ្តការរបស់អង្គការនេះនៅក្នុងរដ្ឋធានី, គាត់បានបង់ប្រាក់សំណូកដោយផ្ទាល់ដល់ការិយាល័យអគ្គរដ្ឋអាជ្ញា, ប៉ូលិសផ្លូវហាយវ៉េសហព័ន្ធដែលក៏ប្រតិបត្តិការនៅស្ពាននិងព្រលានយន្តហោះផងដែរ, ប៉ូលិសរដ្ឋនិងកងកម្លាំងប៉ូលិសមូលដ្ឋានព្រមទាំងប៉ូលិស Interpol ផងដែរ។
បុរសអាយុ៥៧ឆ្នាំរូបនេះបាននិយាយថា “សំណូកសម្រាប់មន្ត្រីនៅក្នុងទីក្រុង Mexico City គឺមានប្រហែល៣០០,០០០ដុល្លារក្នុងមួយខែ”។
លោក Zambada បានបន្ថែមថា គាត់ធ្លាប់សូកប៉ាន់ចំនួន១០០,០០០ដុល្លារដល់លោកឧត្តមសេនីយ៍ Gilberto Toledano ដែលទទួលបន្ទុករដ្ឋ Guerrero តាមសំណើរបស់លោក Guzman ។
លោក Zambada បាននិយាយថា “ខ្ញុំនឹងនាំកូកាអ៊ីនពីប្រទេសកូឡុំប៊ីតាមរយៈរដ្ឋ Guerrero ហើយលោក El Chapo បានប្រាប់ខ្ញុំថា ទៅជួបលោកឧត្តមសេនីយ៍ Toledano ទៅ គាត់ជាមិត្តរបស់ខ្ញុំហើយឲ្យគាត់១០០,០០០ដុល្លារទៅ”។
ដោយត្រូវបាននាំទៅសហរដ្ឋអាមេរិកាលពីជិត២២ខែមុន, លោក Guzman អាយុ៦១ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនជាង១៥៥តោនចូលសហរដ្ឋអាមេរិកក្នុងរយៈពេល២៥ឆ្នាំហើយត្រូវប្រឈមមុខនឹងការជាប់គុកមួយជីវិតប្រសិនបើរកឃើញថាមានកំហុស៕ AFP
Source: Kampuchea Thmey Daily
0 Comments