Ad Code

ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ ខេត្ត​ស្វាយរៀង​



​ស្វាយរៀង ៖ នៅព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​សាល​ប្រជុំ​ធំ សាលាខេត្ត​ស្វាយរៀង លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព ​លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

ក្នុង​ពិធី​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក អ៊ុ សារិទ្ធ លោក ​ប្លង់ ឆ្លាម សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក លោកស្រី​ប្រតិភូ​ក្រសួងយុត្តិធម៌ និង​ឧត្ដមក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ព្រះរាជ​អាជ្ញា ព្រះរាជអាជ្ញា​រង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ និង​មន្ត្រីរាជការ ​នៃ​សាលាដំបូង​ខេត្ត លោក​ឧត្ដមសេនីយ៍​វរសេនីយ៍​មេបញ្ជាការ មេបញ្ជាការ​រង ​កង​កម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។​

មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ចាស់ នា​ពេល​កន្លងមកនេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការ​ដឹកនាំ​អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ ដោយ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជាពិសេស​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ខេត្ត​ស្វាយរៀង ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​ល្អ​ប្រសើរ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អៗ​ជា​បន្តបន្ទាប់។​

លោក​អភិបាលខេត្ត ក៏បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​ថា​ លោក​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ដែល​ត្រូវ​ចូលកាន់​តំណែង​នៅថ្ងៃ​នេះ នឹង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន ប្រកបដោយ​ការ​សហការ សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោះស្រាយ​រាល់​បញ្ហា​បណ្ដឹង​ផ្សេងៗ ឬ​សំណុំរឿង​ដែល​នៅ​សេសសល់ មិនទាន់បាន​ដោះស្រាយ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​ភាព​យុត្តិធម៌​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ។​

លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា ក្រសួងយុត្តិធម៌ មាន​ចក្ខុវិស័យ​រួមមួយ​អំពី​វិស័យ​យុត្តិធម៌ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​រដ្ឋធម្មនុញ្ញ ដែល​ការពារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យសេរី នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ ដើម្បី​ធានា​ឲ្យ​មាន​ក្របខ័ណ្ឌ​ច្បាប់ និង​យុត្តិធម៌​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន មាន​ស្ថិរភាព និង​ប្រតិបត្តិ​តាម​នីតិរដ្ឋ​។

ដូច្នេះ​ស្ថាប័ន​ទាំងឡាយ នៃ​វិស័យ​យុត្តិធម៌ ត្រូវ​ធ្វើ​ឲ្យ​ទំនើប និង​មាន​ប្រសិទ្ធភាព មាន​មន្ត្រី​បម្រើការ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ និង​មាន​ធនធាន​គ្រប់គ្រាន់ ព្រមទាំង​ដំណើរការ​ត្រឹមត្រូវ​តាម​ការ​កំណត់​ នៃ​ច្បាប់ ក្នុង​ការ​ដោះស្រាយ​វិវាទ​គ្រប់​ប្រភេទ​ទាំងអស់ ដែល​កើតឡើង​រវាង​បុគ្គល និង​បុគ្គល ឬ​បុគ្គល និង​រដ្ឋ​ជាដើម​។​

លោក​រដ្ឋលេខាធិការ ក៏បាន​ណែនាំ និង​ផ្ដាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ក៏ដូចជា​មន្ត្រី​ចំណុះ សាលា​ដំបូង​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​សម្រេច​កិច្ច​ការងារ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជនរងគ្រោះ ទូទៅ​ជាពិសេស​ត្រូវ​មាន​កិច្ច​សហការ​ល្អជា​មួយ​ផ្នែក​ពាក់ព័ន្ធ​ទាំង​កងកម្លាំងប្រដាប់អាវុធ​ ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់។​

​សូម​បញ្ជាក់​ថា យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន ស​/​រ ក ត​/១០១៨/១១៤០ ចុះ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ លោក ឌិន ស៊ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្ត​ក្រចេះ ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង ជំនួស​លោក ប៉ិច ឈឿត ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu