កំពង់ចាម ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយបម្រុងគេចខ្លួន និងរៀបចំសំណុំឯកសារតាមនីតិវិធីបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌចាត់ការបន្ត។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា អំពើចោរកម្មនេះ បានកើតឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី ចំណុចកំពង់សាឡាង ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្កដោយជនសង្ស័យ ឈ្មោះ នៅ ធា ភេទប្រុសអាយុ២១ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិទួលចំបក់ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនស៊ិចអេស ពណ៌ស ស្រោមពណ៌ខ្មៅ របស់ឈ្មោះ ឡាយ សារីភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកអធិការបានបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញហេតុការណ៍ បន្ទាប់មកក៏បានចាប់ឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុផ្ទាល់ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments