ក្បួនជនអន្តោប្រវេសន៍អាមេរិកកណ្ដាលដែរធ្វើដំណើរទៅសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នានៅលើព្រំដែនអាមេរិក - ម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាងមួយខែដោយមិនញញើតនឹងការដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់របស់លោកប្រធានាធិបតី Donald Trump នៅក្បែរព្រំដែន។
ជនអន្តោប្រវេសន៍ប្រហែល៨០០នាក់ដែលជិះឡានក្រុងចំនួន២២គ្រឿងគឺបានទៅដល់នៅពេលព្រឹកព្រលឹមក្នុងទីក្រុង Tijuana ហើយបានដើរចេញពីផ្លូវហាយវ៉េចូលទៅក្នុងទីក្រុងនេះ។
ពួកគេបានចូលរួមជាមួយក្បួននៃមនុស្សជាង៧៥០នាក់ផ្សេងទៀតដែលបានធ្វើដំណើរទៅមុខនិងបានទៅដល់ទីក្រុងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្បួនមនុស្សទាំងស្រុងដែលមានជនអន្តោប្រវេសន៍ប្រមាណ៥,៥០០នាក់ត្រូវបានគេរំពឹងថានឹងបន្តទៅដល់ទីក្រុង Tijuana នៅប៉ុន្មានម៉ោងខាងមុខនេះដោយសារតែឡានក្រុងដែលរៀបចំដោយអង្គការសប្បុរសធម៌ អ្នកបរិច្ចាគឯកជននិងអាជ្ញាធរមូលដ្ឋានខណៈក្រុមចុងក្រោយបំផុតបានទៅដល់ទីក្រុងនេះនៅថ្ងៃសុក្រ។
នៅទូទាំងព្រំដែន កងទ័ពជិត៦,០០០នាក់ដែលត្រូវបានដាក់ពង្រាយដោយលោក Donald Trump កំពុងជាប់រវល់នឹងការសាងសង់របាំងបេតុងនិងរបងបន្លាលួសដើម្បីរារាំងនូវអ្វីដែលប្រធានាធិបតីអាមេរិករូបនេះពិពណ៌នាថាជា “ការឈ្លានពាន”។
អ្នកក្រុង Tijuana រាប់រយនាក់បានតវ៉ាកាលពីយប់ថ្ងៃអង្គារនៅសួន Friendship Park ដែលជាកន្លែងជនចំណាកស្រុកបានបោះជំរំនៅតាមរបងព្រំដែនម៉ិកស៊ិកនិងសហរដ្ឋអាមេរិក។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP ម្នាក់បាននិយាយថា អ្នកតវ៉ាខ្លះបានគប់ដុំថ្មទៅលើជនចំណាកស្រុកហើយថែមទាំងសំដៅលើកុមារផងដែរបន្ទាប់ពីច្រៀងចម្រៀងជាតិម៉ិកស៊ិកនិងស្រែកពាក្យស្លោកប្រឆាំងជនអន្តោប្រវេសន៍។
ជនអន្តោប្រវេសន៍ភាគច្រើនបានរត់គេចពីភាពក្រីក្រនិងចលាចលនៅក្នុងតំបន់ត្រីកោណភាគខាងជើងរបស់តំបន់អាមេរិកកណ្តាលដែលមានដូចជាប្រទេសអែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡានិងហុនឌូរ៉ាសដែលជាកន្លែងអំពើហឹង្សាឃោឃៅបានជំរុញឲ្យមានអត្រាឃាតកម្មខ្ពស់បំផុតនៅលើពិភពលោក៕ AFP
Source: Kampuchea Thmey Daily
0 Comments