ភ្នំពេញ ៖ មនុស្សពីរនាក់ បានរងរបួសធ្ងន់ទាំងអស់គ្នា ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយបន្សល់ទុកវត្ថុតាង ស្លាកស្នាមនៅកន្លែងកើតហេតុ ក្រោយមកទើបសមត្ថកិច្ចចុះទៅដល់ តែបង្កឲ្យកកស្ទះចរាចរណ៍ទាំងព្រឹកព្រលឹមអុរ កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នៅកន្លែងកើតហេតុ បន្សល់ទុកតែម៉ូតូមួយគ្រឿង ម៉ាក ZOOMER ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9476 និងម៉ូតូ រ៉ឺម៉ក ដឹកធុងពងទាកូន ម៉ាកសង់កូរ៉េ ក្រឡាប់ផ្ងារជើង បាក់បែកធ្លាក់របស់របររាយប៉ាយពេញតែកំណាត់ផ្លូវ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរ៉ឺម៉កលក់ពងទាកូន បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើត ទៅលិច លុះដល់ចំណុចខាងលើ ត្រូវបានយុវជនម្នាក់បើកម៉ូតូ ZOOMER បោះពួយក្នុងល្បឿនលឿន ពីកើតទៅលិច ស្របទិសគ្នា មិនដឹងថាងងុយដេកងោក ឬស្រវឹងនោះទេ ទើបជ្រុលទៅបុកម៉ូតូរ៉ឺម៉កទាំងកំរោល បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសសងខាង។
ស្របពេលដែលភាគីទាំង២ ជួបបញ្ហាគ្រោះថ្នាក់ ជនរងគ្រោះទៅពេទ្យអស់ សម្ភារៈបន្សល់ទុកនៅកណ្តាលផ្លូវ មិនទាន់ឃើញសមត្ថកិច្ច ចាត់ការយកចេញផង ស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀតបើកពីកើតទៅលិចដែរនោះ ក្នុងលឿនជ្រុលទៅបុកកៀរម៉ូតរ៉ឺម៉កបន្ថែមទៀត រងខូចខាតតិចតួច ហើយរថយន្តបន្តដំណើរទៅបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានជនរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងវត្ថុតាងទុកចោលកណ្តាលផ្លូវ អស់រយៈពេលជាង១ម៉ោង បង្កឲ្យកកស្ទះចរាចរណ៍ ទម្រាំឃើញសមត្ថកិច្ចចុះទៅសម្រួលចរាចរណ៍ យកម៉ូតូរ៉ឺម៉កទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌ រង់ចាំស្រាវជ្រាវបន្តនីតិវិធីដោះស្រាយពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments