ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានបង្ហាញខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះក្នុងប្រទេសសិង្ហបុរីទេប៉ុន្តែឥទ្ធិពលរបស់គាត់នៅតែមានក្នុងចំណោមមេដឹកនាំដែលបានប្រមូលផ្តុំនៅក្នុងទីក្រុងនេះ។
នាយករដ្ឋមន្ត្រីមួយរូបបានព្រមានថា សង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងអាចបង្កឲ្យមាន “ឥទ្ធិពលដុនដែន” ដោយសារវិធានការគាំពារនិយមដោយប្រទេសដទៃ។ នាយករដ្ឋមន្ត្រីមួយរូបទៀតបារម្ភថា សណ្តាប់ធ្នាប់អន្តរជាតិអាចបំបែកទៅជាប្លុកគូប្រជែង។
លោក Malcolm Cook សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថា “រឿងដែលសំខាន់បំផុតសម្រាប់មេដឹកនាំ Trump គឺថាគាត់មិនបានបង្ហាញខ្លួន”។
អវត្តមានរបស់លោក Trump បានធ្វើឲ្យប្រទេសនានាមកពីអាស៊ីខាងត្បូងទៅដល់អាស៊ីបូព៌ាបន្តជំរុញទំនាក់ទំនងពហុភាគីលើវិស័យពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងចំណោមប្រទេសរបស់ខ្លួនរួមទាំងជាមួយប្រទេសចិនផងដែរ។
តំណាងរបស់ចិននៅឯកិច្ចប្រជុំគឺលោកនាយករដ្ឋមន្ត្រី Li Keqiang បានលើកទឹកចិត្តពួកគេ។
លោក Li បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃការគាំពារនិយម។ វាជារឿងសំខាន់សម្រាប់យើងដើម្បីរួមគ្នានិងឆ្លើយតបទៅនឹងស្ថានភាពពិភពលោកដ៏ស្មុគស្មាញដើម្បីគាំទ្រពហុភាគីនិយមនិងពាណិជ្ជកម្មសេរី”។
កង្វះទំនាក់ទំនងរបស់ប្រធានាធិបតីអាមេរិកជាមួយបណ្ដាប្រជាជាតិអាស៊ីបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសបារាំងសម្រាប់ពិធីរម្លឹកសង្គ្រាមលោកលើកទី១ដែលនៅទីនោះ គាត់ហាក់បង្ហាញខ្លួនបំបែកចេញពីសម្ព័ន្ធមិត្តណាតូ។
លោក Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិនៃប្រទេសសិង្ហបុរីបាននិយាយថា លោក Trump បានធ្វើឲ្យប្រទេសអាស៊ីមានការរួបរួមគ្នា។
សេតវិមានមិនបានឆ្លើយតបនឹងសំណើសុំយោបល់ទេអំពីអវត្តមានរបស់លោក Trump ។
គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅប្រទេសសិង្ហបុរី លោក Trump ក៏នឹងរំលងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកោះប៉ាពួញូហ្គីណេនៅចុងសប្តាហ៍នេះផងដែរ៕ REUTERS
[caption id="attachment_996139" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments