កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានអះអាងថា រាជទាយាទដ៏មានអំណាចរបស់ប្រទេសនេះគឺមិនពាក់ព័ន្ធក្នុងការធ្វើឃាតអ្នកកាសែត Jamal Khashoggi ទេស្របពេលការចោទប្រកាន់ទោសប្រហារជីវិត ត្រូវបានប្រកាសប្រឆាំងនឹងបុរសចំនួន៥នាក់ហើយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមនុស្សចំនួន១៧នាក់ដែលជាប់សង្ស័យក្នុងករណីនេះ។
ព្រះរាជអាជ្ញាទីក្រុងរីយ៉ាដបានប្រកាសពីការចោទប្រកាន់ប្រឆាំងមនុស្ស១១នាក់ហើយបាននិយាយថា មនុស្សសរុបចំនួន២១នាក់កំពុងជាប់ឃុំពាក់ព័ន្ធនឹងការសម្លាប់នេះដែលបានបញ្ឆេះកំហឹងដល់បណ្តាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអ៊ូឌីតនិងបានដាក់សម្ពាធដ៏ធំលើព្រះអង្គម្ចាស់ Mohammed bin Salman ឲ្យបំភ្លឺអំពីករណីធ្វើឃាតនេះ។
ព្រះរាជអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ការប្រហារជីវិតនឹងត្រូវបានផ្តល់អនុសាសន៍ចំពោះមនុស្សប្រាំនាក់ដែលត្រូវបានចោទប្រកាន់ថាបានបញ្ជានិងប្រព្រឹត្តបទឧក្រិដ្ឋនេះ។
ប៉ុន្តែអ្នកនាំពាក្យព្រះរាជអាជ្ញាលោក Shaalan al-Shaalan បានច្រានចោលការចោទប្រកាន់ដែលថា ព្រះអង្គម្ចាស់ Mohammed ដែលជាបិតារបស់ព្រះអង្គ Salman គឺជាអ្នកបញ្ជាឲ្យសម្លាប់។
លោក Shaalan បាននិយាយថា ព្រះអង្គម្ចាស់មិនបានដឹងអំពីការសម្លាប់លោក Khashoggi ទេ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Adel al-Jubeir បានប្រាប់អ្នកកាសែតនៅទីក្រុងរីយ៉ាដថា ព្រះអង្គមិនមានពាក់ព័ន្ធអ្វីឡើយ។ លោក Jubeir បាននិយាយថា “ពិតណាស់ រាជទាយាទមិនមានអ្វីទាល់តែសោះទាក់ទងនឹងបញ្ហានេះ”។
លោក Khashoggi ដែលរស់នៅសហរដ្ឋអាមេរិកហើយសរសេរឲ្យកាសែត Washington Post និងប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិដទៃទៀតត្រូវបានគេសម្លាប់និងបំបែកសាកសពនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគីកាលពីថ្ងៃទី២ខែតុលា។
យោងតាមការវាយតម្លៃរបស់ទួរគីនិងអាមេរិកបានបង្ហាញថា ការសម្លាប់នេះត្រូវបានធ្វើឡើងដោយជនជាតិអារ៉ាប៊ីសាអ៊ូឌីតមួយក្រុមដែលធ្វើដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងគោលបំណងនេះហើយត្រូវបានគេសង្ស័យថាទទួលការបញ្ជានិងដឹកនាំដោយជំនួយការជិតស្និទ្ធរបស់ព្រះអង្គម្ចាស់។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតមិនបានប្រាប់ឈ្មោះអ្នកដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments