ប្រដាល់ ៖ ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់៥៧គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ជាការប្រកួតសប្ដាហ៍ទី៥ ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដែលមកប្រជែងយកកៅអីសម្រាប់ជុំទី២ នោះ។
សម្រាប់ការប្រកួតជម្រុះលើកទី៥ ដែលជាការប្រកួតក្នុងជុំទី១នេះ យុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នឹងជួបប្រកួតជាមួយ ឡុង ខេត្ត អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ។
ការប្រកួតក្នុងជុំទី១នេះ គឺប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
រវាង យុគ យក្សផ្លែ និង ឡុង ខេត្ត នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះពួកគេទាំងពីរនាក់ ម្នាក់(យក្សផ្លែ)ជាអ្នកប្រដាល់ចាស់វស្សា ហើយម្នាក់ (ឡុង ខេត្ត) ជាអ្នកប្រដាល់ស្រករក្រោយ។
សម្រាប់ការជួបគ្នារវាង យុគ យក្សផ្លែ និង ឡុង ខេត្ត នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ឡុង ខេត្តទំនងជាមិនឈ្នះ យក្សផ្លែ នោះទេ។ ព្រោះ យក្សផ្លែ គេមានកម្លាំងស៊ុហ្វល្អរឹងមាំ និងមានផ្លែល្អជាង ឡុង ខេត្ត។
យុគ យក្សផ្លែ ថ្វីត្បិតតែគេមានមាឌរាងទាបបន្តិចក្តី តែគេវាយបុកខ្លាំង ហើយកណ្ដាប់ដៃ និងសន្ទុះជើងទាត់របស់គេខ្លាំង និងធ្ងន់។ មួយទៀត យុគ យក្សផ្លែ ធ្លាប់វាយជាមួយថៃរាប់មិនអស់ ដូច្នេះបទពិសោធន៍ និងបច្ចេកទេសរបស់គេ គឺមិនធម្មតាឡើយ។ យក្សផ្លែ ប្រកួតចុងក្រោយនេះ វាយថៃOup Sai ឲ្យសន្លប់ក្នុងទឹកទី៣។ ចាំមើល តើ ឡុង ខេត្ត អាចយកឈ្នះ យុគ យក្សផ្លែ បានឬអត់?។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង សេន កុសល អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរ និង រិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ។ ពីរនាក់នេះ ក៏មិនធ្លាប់ប៉ះគ្នាដែរកន្លងមក។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថានរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ? តែយ៉ាងណា សេន កុសល គេមានកលល្បិច និងបច្ចេកទេស វ៉ៃល្អជាង រិទ្ធ អាទិត្យ។ ប៉ុន្តែសេន កុសល ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាលចំពោះរិទ្ធ អាទិត្យ បានដែរ ព្រោះ រិទ្ធ អាទិត្យ នេះ គេក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។
ការប្រកួតចុងក្រោយនេះ សេន កុសល គេវាយឈ្នះ សូត្រ ខេវិន ក្លិបបក្សីស្លាបដែកដោយពិន្ទុ ឯរិទ្ធ អាទិត្យ វាយចាញ់ថៃAnuntasak ដោយពិន្ទុ។ ចាំមើល រវាង សេន កុសល និង រិទ្ធ អាទិត្យ តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ?។
ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់៥៧គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ដំណាក់កាល និងមានរូបមន្តប្រកួត គឺជុំទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងជុំទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments