ភ្នំពេញ ៖ រថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តយោធាជាច្រើនគ្រឿងទៀត ខណៈកំពុងបើកបរជាក្បួន ស្រាប់តែដាច់ម៉ែត្រចង្កូត រេទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ ហើយរថយន្តខ្ទេចផ្នែកខាងមុខមួយចំហៀង បែកកង់ទៅមុខលែងរួច តែមិនប៉ះពាល់ដល់មនុស្សឡើយ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបមុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តជួបបញ្ហាខាងលើ ម៉ាក កុងហ្វុង ពណ៌ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-5495 អ្នកបើកបរ មិនស្គាល់ឈ្មោះ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញក្បួនរថយន្តមួយខ្សែ បើកពីកើតទៅលិច ជាច្រើនគ្រឿង លុះដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យប៉ើងមួយកង់ ឯរថយន្តបែកកង់ទៅមុខលែងរួច ចំណែករថយន្តផ្សេងទៀតមិនមានបញ្ហាក៏បន្តដំណើរទៅមុខបាត់អស់។
តែបើតាមបុរសម្នាក់បានឲ្យដឹងថា រថយន្តក្បួនខាងលើ ជារថយន្តបង្រៀនសិក្ខាកាម ទៅហ្វឹកហាត់នៅខាងខេត្តកំពង់ស្ពឺ តែដោយសារមានរថយន្តមួយគ្រឿងខាងលើ ជួបបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ហ្វ្រាំងមិនជាប់ ក៏រេចង្កូតជ្រុលទៅបុកតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ហើយនឹងរង់ចាំខាងការិយាល័យចរាចរណ៍ជើងគោកយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយជាមួយអង្គភាពខាងរថយន្ត៕
Source: Kampuchea Thmey Daily
0 Comments