ប្រដាល់ ៖ ចាន់ សំអាត អ្នកប្រដាល់ជើងខ្លាំងកម្ពុជា នៃក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Chhmuok Phat នៅក្នុងកម្មវិធីប្រដាល់ខារ៉ាបាវ លើសង្វៀនSEA-TV រសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
អ្នកប្រដាល់ថៃ Phat Numnoeng ដែលមកជួប ចាន់ សំអាត នេះ គេជាអ្នកប្រដាល់ថៃចំណូលថ្មី មិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេកន្លងមក។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
តាម លោក ញាណ សុធី អ្នកចាត់ចែងក្នុងកម្មវិធីប្រដាល់SEA-TV ឲ្យដឹងថា Chhmuok Phat នេះ នៅស្រុកថៃគេជាជើងខ្លាំងមួយដែរ នៅក្នុងប្រភេទទម្ងន់៦០គ.ក្រនេះ។ អ្នកប្រដាល់ថៃនេះ មានកំណត់ត្រាប្រកួតចំនួន៦០លើក ឈ្នះ៤៨លើក និង ចាញ់១២លើក មិនដែលស្មើ។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថាអាចឈ្នះ ចាន់ សំអាត នោះឡើយ។ ចាន់ សំអាត ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់បំបាក់ថៃអស់ប្រមាណជាង១០នាក់មកហើយ ពិសេសនោះគេធ្លាប់ឈ្នះជើងចាស់ថៃ REDA ថែមទៀត។ សំអាត គេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។
ទោះជាបែបនេះក្ដី មិនទាន់ហ៊ានសន្និដ្ឋានថា ចាន់ សំអាត ជួបសំណាងល្អនៅក្នុងការប្រកួតជាអ្នកប្រដាល់ថៃ Chhmuok Phat នេះឡើយ?។ សំអាត គេប្រកួតជាមួយថៃលើកចុងក្រោយនៅសង្វៀន SEATVនេះ វាយចាញ់Phat Nam Noeng ដោយពិន្ទុ។
ចាន់ សំអាត មានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៥៣លើក ចាញ់១៤លើក ស្មើ០២លើក។ ចាំមើល តើ ចាន់ សំអាត អាចយកឈ្នះអ្នកប្រដាល់ថៃ Chhmuok Phat បានឬអត់ នៅក្នុងការជួបប្រកួតគ្នាលើកដំបូងនេះ?។
សារឿន ច័ន្ទ អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍ ត្រូវជួបជាមួយអ្នកប្រដាល់ថៃ ឈ្មោះ Moeurn Pha ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាមដែរ។ អ្នកប្រដាល់ថៃរូបនេះ ក៏មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេកន្លងមក។
Moeurn Pha អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ទាបជាង សារឿន ច័ន្ទ បន្តិច ហើយ ប្រវត្តិប្រកួតរបស់គេ ក៏តិចជាង សារឿន ច័ន្ទ ដែរ។ Moeurn Pha ប្រកួតបានចំនួន៥៥លើក ដោយឈ្នះ៤៣លើក ចាញ់១១លើក និង ស្មើ០១លើក ខណៈដែល សារឿន ច័ន្ទ អ្នកប្រដាល់កម្ពុជាយើងប្រកួតបានចំនួន៩៨លើក ឈ្នះ៧៩លើក ចាញ់១៧លើក និងស្មើ០២លើក។
សារឿន ច័ន្ទ ធ្លាប់ប្រកួតជាមួយថៃច្រើនលើកហើយ ដោយវាយឈ្នះច្រើនជាងចាញ់។ តែមួយរយៈចុងក្រោយនេះ សារឿន ច័ន្ទ មានការស្រុតធ្លាក់ចុះ ហើយវាយចាញ់ថៃជាបន្តបន្ទាប់។ ការប្រកួតជាមួយថៃលើកចុងក្រោយនេះ សារឿន ច័ន្ទ វាយចាញ់ Phat Ngam ក្នុងទឹកទី៤ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ លឿន រហ័ស និងខ្លាំង នោះ សារឿន ច័ន្ទ វាយសម្រុកមិនបណ្ដាក់ដៃនោះទេ ប៉ុន្តែគេឆាប់អស់ស៊ុហ្វ នៅចុងទឹក។ ចាំមើល តើ សារឿន ច័ន្ទ អាចយកឈ្នះ Moeurn Pha បានឬអត់?។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ មាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ ខេត្តរតនគិរី ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ ផៃ គឹមហឿត ក្លិបគីសែ មានរិទ្ធ ដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ យ៉ាងណា វណ្ណារ៉ា ប្រហែលជាមិនអាចឈ្នះ គឹម ហឿត នោះទេ៕
Source: Kampuchea Thmey Daily
0 Comments