ភ្នំពេញ ៖ លោកស្រី Sunnynia Durrani Jamal ប្រធានស្ថានតំណាង ADB ថ្មី ប្រចាំប្រទេសកម្ពុជា បាន ថ្លែងកោតសរសើរ លោក លឹម គានហោ ជារដ្ឋមន្ត្រី បច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ពោរពេញដោយបទពិសោធន៍ល្អ គ្រប់ជ្រុងជ្រោយ ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង ADB នាពេលកន្លងមក រហូតដល់ពេលនេះ។
លោកស្រីថ្លែងបែបនេះបានធ្វើឡើង នៅក្នុងជំនួបជា លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពី រសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសំដែងការគួរសម និងរាយការណ៍ជូនលោករដ្ឋមន្ត្រី លើផែនការការងារថ្មី សហប្រតិបត្តិការរបស់ ADB លើវិស័យធនធានទឹក និងឧតុនិយម និងការអនុវត្តយុទ្ធសាស្ត្រដៃគូលើវិស័យទឹករបស់ ADB ក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០១៩ ទៅ ( Country Partnership Strategy, CPS 2019 ) ។
លោកស្រី Jamal បានធ្វើការកោតសរសើរ លោក លឹម គានហោ ជារដ្ឋមន្ត្រី បច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ពោរពេញដោយបទពិសោធន៍ល្អ គ្រប់ជ្រុងជ្រោយ ក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការជាមួយនឹង ADB នាពេលកន្លងមកចាប់តាំងពីឆ្នាំ ១៩៩៣ មក រហូតដល់ពេលនេះ សម្រេចបានលទ្ធផលជោគជ័យ។ ក្នុងតួនាទីរបស់លោកស្រី ជាប្រធានស្ថានតំណាង ADB ថ្មី នឹងបន្តពង្រឹងជាអតិបរមាលើកិច្ចសហប្រតិបតិ្តការជាមួយនឹងលោករដ្ឋមន្ត្រី ធ្វើការសម្រេចឲ្យខាងតែបាននូវសមិទ្ធផលខ្ពស់លើវិស័យមួយនេះ។
នាឱកាសនោះ រដ្ឋមន្ត្រី បានថ្លែងការអរគុណលោកស្រី Jamal ដែលបានចំណាយពេលដ៏មានតម្លៃ ចូលជួបធ្វើរបាយការណ៍អំពីផែនការការងារ និងយុទ្ធសាស្ត្រថ្មីរបស់ ADB លើវិស័យធនធានទឹក និងឧតុនិយម ហើយលោក រដ្ឋមន្ត្រីសង្ឃឹមថា យោងតាមបទពិសោធន៍ដ៏យូរច្រើនឆ្នាំជាមួយនឹងស្ថាប័នអន្តរជាតិធំៗជាច្រើនក្នុងពិភពលោក ជាពិសេស លោកស្រី បានបំពេញការងារជាយូរឆ្នាំក្នុងប្រទេសកាណាដា និងក្នុងទីស្នាក់ការកណ្តាលរបស់ ADB HQ ។ ម្យ៉ាងទៀតលោកស្រី Jamal បានធ្វើការជាអ្នកដឹកនាំ និងគ្រប់គ្រងកម្ចីក្នុងកំរិត ០២ កោដិដុល្លារអាមេរិក និងជំនួយឥតសំណង លើវិស័យបច្ចេកទេសប្រមាណជា ៥០ លានដុល្លារអាមេរិកទៀត នៅក្នុងទីស្នាក់ការកណ្តាលរបស់ ADB HQ មុនពេលដែលលោកស្រី អញ្ជើញមកទទួលការជាប្រធាន ADB ប្រចាំប្រទេសកម្ពុជា។ ដូច្នេះ លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិថ្មីរបស់លោកស្រី Jamal ប្រចាំប្រទេសកម្ពុជា នឹងសហការយ៉ាងពេញទំហឹង ធ្វើការអនុវត្តលើផែនការការងាររយៈពេលវែង លើការគ្រប់គ្រងវិស័យធនធានទឹក Long Term Road Map on Water Resources Management 2019-2034 របស់ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាខ្ពស់ និងមានប្រសិទ្ធភាពយូរអង្វែង៕
Source: Kampuchea Thmey Daily
0 Comments