Ad Code

អ្នកចាំទី ស៊ូ យ៉ា​ទី មិន​ប្រាកដ​ថា ​របស់​ខ្លួន​អាច​ជា​ទាន់​ប្រកួត​បើកឆាក​ក្នុង​ពានរង្វាន់ AFC Cup 2019 ខាងមុខ​នោះទេ



​អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ជួយ​ក្រុម​ណាហ្គា​វើល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ប្រចាំ​រដូវ​កាល​ឆ្នាំ២០១៨ កំពុង​តែ​មាន​បញ្ហា​របួស​ប្រេះ​ឆ្ពឹ​ង​ដៃ​ខាងឆ្វេង ហើយ​របួស​នេះ​គំរាមកំហែង​ដល់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​របស់គេ​ក៏ដូចជា​ឱកាស​ក្នុង​ការជួយ​ក្លិប​របស់ខ្លួន​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​ដែរ​។



​កីឡាករ​រូបនេះ​បាន​លើកឡើង​ថា «​ខ្ញុំ​មិនទាន់​ច្បាស់ ១០០% ថា​នឹង​អាចជួយ​ណាហ្គា​វើ​លដ៍ ដែលមាន​ភារកិច្ច លេង​ពាន​AFC Cup នា​ចុងខែ កុម្ភៈ ខាងមុខ​ទេ ដោយ​រង់ចាំ​ការ​តាម​ដាន​របួស​សិន ប៉ុន្តែ​អ្វី​ដែល​ច្បាស់ការ គឺ របួស​បាន​ធូរស្រាល​ច្រើន​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​»​។ កីឡាករ ស៊ូ យ៉ា​ទី ទើបតែ​ជា​ពីរ​បួស​រហែក​សាច់ដុំ​ក្រោយ​ធ្វើដំណើរ​ទៅដល់​ណាហ្គា​វើ​ល កាលពី​ខែកក្កដា កន្លងទៅ​។

ក្រុម​ណាហ្គា​វើ​ល​ស្ថិតនៅ​ពូ​ល F ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC Cup 2019 ជាមួយ​ក្រុម Hanoi FC ( ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម ) Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា​ដូចគ្នា​។ តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​។



និយាយ​ពី ស៊ូ យ៉ា​ទី រូបគេ​បាន​ចាប់​អាជីព​ជា​អ្នកចាំទី​ដំបូង​ជាមួយ​ក្រុម​បៀ​ល​ប្រាយ នៅ​ឆ្នាំ២០១៦​ដល់​២០០៧ ខណៈ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៣ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ និង​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ចូលរួម​ជាមួយ​បឹងកេត​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឈុត U22 ដល់​ឈុត​ធំ​ផងដែរ​។

មុន​មានការ​វិវត្តន៍​អាជីព​របស់​ខ្លួន​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ ស៊ូ យ៉ា​ទី ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១០ ជាមួយ​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៤ ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​បឹងកេត​ម្តង​។ នៅ​ឆ្នាំ​២០១៥ គេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2015 Mekong Club Championship ជាមួយ​បឹងកេត ក្រោយ​ចាញ់​ក្រុម​ថៃ Buriram United ១​ទល់​០​។ ចំណែក​ពានរង្វាន់​ឯកត្តជន​វិញ​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ និង​២០១៧ ផងដែរ ខណៈ​ក្នុង​ពាន​ 2015 Mekong Club Championship ឈ្នះ​ស្រោមដៃ​មាស​ដូច​គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu