មានដំណឹងវិវត្តន៍ចុងក្រោយបានបញ្ជាក់ថា មានក្លិបបាល់ទាត់មួយដែលជាសមាជិកពានរង្វាន់លីគលំដាប់ទី២នៅប្រទេសស៊ុយអែត បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធជនជាតិអង់គ្លេសHarley Willard របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកនៅពានរង្វាន់លីគកំពូលកម្ពុជា ដែលទើបតែបន្តកិច្ចសន្យាថ្មីកាលពីប៉ុន្មានខែមុន។
លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា «គេពិតជាមានក្លិបនៅប្រទេសស៊ុយអែត ទាក់ទងមែន តែបានបដិសេធ និងបន្តរួមរស់ជាមួយយើង។ គេចង់បន្តជួយក្លិបឆ្ពោះទៅកាន់គោលដៅវែងឆ្ងាយ។ គេធ្វើបានល្អនៅរដូវកាលមុន ហើយគេនឹងអាចរួមចំណែកកាន់តែល្អថែមទៀត ព្រោះជាធម្មតាកីឡាករមកពីតំបន់អឺរ៉ុបត្រូវការចាយពេលដើម្បីសម្របខ្លួននឹងបរិយាកាស»។
កីឡាករ Harley Willard សញ្ជាតិអង់គ្លេស មានវ័យ២១ឆ្នាំ លេងតួនាទីខ្សែបម្រើស្លាប ដោយធ្លាប់ហ្វឹកហាត់ជាមួយយុវជនថ្នាល Arsenal និង Southampton មុនពេលសម្រេចចិត្តចាកចេញពីស្រុកជាលើកដំបូងប្រកបអាជីពនៅស៊ុយអែត។ រូបគេបានចូលរួមជាមួយកាលពីជុំទី២នារដូវកាល២០១៨ ដោយបង្ហាញខ្លួនបាន៩ប្រកួត និងទាត់បញ្ចូលទី២គ្រាប់។ រូបគេជាកីឡាករបរទេស២នាក់ដែលក្លិបបន្តកិច្ចសន្យា១រដូវកាលទៀត ជាមួយកីឡាករជប៉ុន Daisuke Kobayashi។
ក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយលោក Conor Nestor ទទួលចំណាត់ថ្នាក់មិនសូវបានល្អនោះទេប្រចាំរដូវកាលនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បើធៀបនឹងលទ្ធផលតាមឆ្នាំកន្លងមក។ យ៉ាងណានៅរដូវកាលឆ្នាំ២០១៩ខាងមុខក្លិបបានរៀបចំស្រួលបួលជាបណ្តើរៗហើយ។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន២២លើក ឈ្នះបាន១០លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើក ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គឺរ៕
Source: Kampuchea Thmey Daily
0 Comments