ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) បង្កើតគ្រោងមួយគឺ«One Child,One Ball» ឬអាចនិយាយជាភាសាខ្មែរថា «ឲ្យកុមារទទួលបានបាល់ម្នាក់មួយ ទុកជាកាដូ» ដោយថ្មីៗនេះតែបញ្ចប់សកម្មភាពរបស់ខ្លួនដោយជោគជ័យនៅខេត្តបាត់ដំបង។
ប្រភពមកពីក្លិបខេមបូឌានថាយហ្គឺរ បានលើកឡើងថា គម្រោងនេះធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗនេះក្លិបអង្គរថាយហ្គឺរ បានធ្វើកម្មវិធី«ឲ្យកុមារទទួលបានបាល់ម្នាក់មួយទុកជាកាដូ»ដោយចុះទៅចែកបាល់ទៅដល់សិស្សានុសិស្ស ប្រមាណជាង១៣០នាក់ នៅភូមិ ១៣មករា ឃុំព្រែកព្រះស្តេច ស្រុកសង្កែ ខេត្តបាត់ដំបង»។ ក្រៅពីចែកបាល់ម្នាក់មួយដល់កុមារដែលចូលរួម ថ្នាក់ដឹកនាំ និងកីឡាកររបស់ក្រុមខេមបូឌានថាយហ្គឺរ បានចែករំលែកបទពិសោធន៍បាល់ទាត់កម្រិតមូលដ្ឋានដល់ពួកគេផងដែរ។
ជុំវិញគម្រោងមួយនេះតំណាងក្លិបធ្លាប់បានលើកឡើងថា «ដោយសារតែមានលោកគ្រូនៅតាមសាលានិងកុមារចង់ឲ្យក្លិបខេមបូឌានថាយហ្គឺរ ចុះបង្រៀនដល់ពួកគាត់។ ដូច្នេះសូមទាក់ទងមកកាន់ក្លិបតាមរយៈទំព័រហ្វេសប៊ុករបស់យើង ដើម្បីពិភាក្សាគ្នាពីបញ្ហានេះ។ ក្លិបរង់ចាំដោយក្តីសោមន្សរីករាយ»។ គ្រប់ពេលក្លិបបង្កើតគម្រោង «One Child,One Ball» ក្លិបតែងតែរៀបចំកម្មវិធីបង្ហាត់បាល់ទាត់កម្រិតមូលដ្ឋាន ឬហៅថា Football Clinic ដល់កុមារដែលទទួលបានផងដែរ។
ខាងក្លិបសង្ឃឹមថា នៅពេលថ្ងៃអនាគតក្នុងចំណោមកុមារដែលបានចែកបាល់ឲ្យនោះ គឺពួកគេនឹងប្រើប្រាស់សម្រាប់ហ្វឹកហាត់ ហើយសង្ឃឹមថាគេ នឹងអាចមានសមត្ថភាពឈានក្លាយទៅជាកីឡាកររបស់ក្លិបខ្លួនផងដែរ។ ក្លិប Cambodia Tiger FC ចង់អនុវត្តគម្រោង One Child,One,Ball ឲ្យសកម្មផងដែរនៅថ្ងៃខាងមុខទៀត។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ចំណែកលទ្ធផលក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមអង្គរថាយហ្គឺរ បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments