Ad Code

ក្រុមប្រឆាំង​ថ្លែង​ទៅកាន់​អតីត​មេដឹកនាំ​ខ្លួន​ថា ​កំពុង​ប្រើ​ល្បិចកល​ស្មោកគ្រោក​បំផុត



ភ្នំពេញ​ ៖ ក្រោយពី​ការព្រមាន​មិន​ឲ្យ​ទទួលយក​ការ​ដក​បម្រាម​នយោបាយ​នោះ និង​សកម្មភាព​មួយចំនួន​ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​របស់​លោក សម រង្ស៊ី នោះ ក្រុម​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​សម្តែង​ការសោកស្តាយ​ចំពោះ​អាកប្បកិរិយា​ក្រអឺតក្រទម ហើយ​ថា​នេះ​ជា​ការ​បំពារបំពាន​ម្ដង​ហើយ​ម្ដងទៀត ទៅលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ក្រោយពី​បានធ្វើ​បក្ស​ប្រហារ និង​ប្រកាស​ខ្លួនឯង​ថា ជា​ប្រធានស្តីទី​ខ្យល់ តាមរយៈ​សន្និសីទ​ខុស​លក្ខន្តិកៈ​បក្ស​កាលពីដើម​ខែធ្នូ​។



សេចក្តី​ថ្លែង​ការ​ណ៍​នេះ បាន​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នយោបាយ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា បើ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ព្រម​ទទួលយក​ការ​ដក​បំរាម​ធ្វើ​នយោបាយ គឺជា​ជន​ក្បត់បក្ស​សង្គ្រោះ​ជាតិ​។

សេចក្តី​ថ្លែង​ការ​ណ៍​ចុះ​ថ្ងៃទី​១១ ខែធ្នូ បាន​លើក​ឡើង​ថា គណបក្ស​មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​អាកប្បកិរិយា​ក្រអឺតក្រទម និង​បំពារ​បំពាន​ម្ដង​ហើយ​ម្ដងទៀត​របស់លោក សម រង្ស៊ី មកលើ​គណបក្ស ក៏ដូចជា​មកលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​នេះ​គឺជា​ទង្វើ​ដ៏​អសីលធម៌ និង​គ្មាន​គុណធម៌​របស់លោក សម រង្ស៊ី ក្រោយពី​ខ្លួន​បានធ្វើ​បក្ស​ប្រហារ និង​ប្រកាស​ខ្លួនឯង​ថា ជា​ប្រធានស្តីទី​ខ្យល់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សន្និសីទ​ខុស​លក្ខន្តិកៈ​បក្ស​កាលពីដើម​ខែធ្នូ​រួចមក​។

តាម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​ជា​ប្រធាន​ស្របច្បាប់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​មិន​ទទួលស្គាល់​លទ្ធផល​នៃ​សន្និសីទ​របស់​ក្រុម​ក្បត់បក្ស​មួយក្រុម​តូច ដែល​អះអាងថា ជា​តំណាង​គណបក្ស​នោះឡើយ​។ លោក សម រង្ស៊ី ដែល​បានធ្វើ​សកម្មភាព និង​និយាយ​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្មាន​តម្លៃ​តំណាង​ផ្លូវច្បាប់​របស់​គណបក្ស​ឡើយ ព្រោះ​លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស និង​លះបង់​សមាជិកភាព​ថែមទៀត​ផង​។ ដូច្នេះ​ការវិល​ត្រឡប់មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ របស់លោក សម រង្ស៊ី គឺ​គ្មាន​ការទទួលស្គាល់ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។

ជាមួយគ្នា​នោះ សេចក្តី​ថ្លែង​ការ​ណ៍​បាន​ថ្កោលទោស ហើយ​បាន​ហៅ​សម្តី​លោក សម រង្ស៊ី ថា ជាស​ម្តី​ញុះញង់ និង​បង្កបញ្ហា ដោយ​សាបាន​ហៅ​អ្នក ដែល​នឹង​ទទួលបាន​ការលើកលែង​ចំពោះ​ការហាមឃាត់​ការធ្វើ​នយោបាយ​ថា ជា​ជន​ក្បត់ជាតិ​ក្បត់បក្ស​។ សេចក្តី​ថ្លែង​ការ​ណ៍​បញ្ជាក់ថា នេះ​កាន់តែ​បង្ហាញ​ច្បាស់​ថា លោក សម រង្ស៊ី កំពុងតែ​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប៉ុនប៉ង​ទប់ស្កាត់​មិន​ឲ្យ​មានការ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ការដោះលែង​លោក កឹម សុខា ពី​ការឃុំខ្លួន ព្រោះ​ខ្លាច​ថា ខ្លួន​គ្មាន​ឱកាស​ធ្វើជា​ប្រធានស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​ខ្យល់​បន្តទៀត​។ នេះ​ជា​កលល្បិច​ដ៏​ស្មោគគ្រោក​បំផុត​។

សូម​បញ្ជាក់​ថា ស្រប​ពេល​រដ្ឋសភា​រៀប​ចំ​ដំណើរការ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ដែល​នឹង​ផ្តល់​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ដល់​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​នោះ លោក សម រ​ង្ស៉ី មេ​ចលនា​សង្គ្រោះ​ជាតិ បាន​ព្រមាន​ដល់​អតីត​ថ្នាក់ដឹកនាំ​របស់​ខ្លួន មិន​ឲ្យ​ទទួលយក​ការដក​បម្រាម​នេះឡើយ ហើយ​ប្រកាសថា បើសិន​ជាមាន​នរណាម្នាក់​ទទួលយក​ការដក​បម្រាម​នេះ អ្នកនោះ​គឺជា​ជន​ក្បត់បក្ស​តែម្តង​។

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ បានប្រកាស​ពី​ការសម្រួល​ស្ថានការណ៍​នយោបាយ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម ហើយ​បើតាម​សេចក្តីថ្លែងការណ៍​នោះ រាជរដ្ឋាភិបាល​កម្ពុជា នឹងសិក្សា​ផ្លូវច្បាប់​ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ ពី​អ្នកនយោបាយ​ដែល​តុលាការ​កាត់ទោស ដែល​សំដៅ​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​នយោបាយ​ឡើងវិញ​។ ចំណែក​រដ្ឋសភា ក៏បាន​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដើម្បី​ដែល​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​ផង​ដែរ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា លោក សម រង្ស៊ី បាន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​អស់ហើយ ដូច្នេះ​បើ​លោក សម រង្សី​នៅតែ​និយាយ​ថា ខ្លួន​ជា​តំណាង​មន្ត្រី​ជាប់​បម្រាម​នយោបាយ​ទាំង​១១៨​រូបនោះ គឺជា​ការនិយាយ​ភូតកុហក និង​បោកប្រាស់​សុទ្ធសាធ​។​



លោក សុខ ឥសាន លើកឡើង​យ៉ាងនេះ​ថា “​ក្រោយពី​បាន​លាលែង​ពី​សមាជិក​បក្ស និង​ពី​ប្រធាន​បក្ស​សាង​គ្រោះ​ជាតិ​តាំងពី​ឆ្នាំ​២០១៧​រួចមក ទណ្ឌិត​សម រ​ង្សី លែង​ជា​តំណាង​អ្នកណា​ទាំងអស់​។ ដូច្នេះ​ការដែល​ទណ្ឌិត សម រង្សី នៅតែ​និយាយថា ខ្លួន​ជា​តំណាង​មន្ត្រី​ជាប់​បម្រាម​នយោបាយ​ទាំង​១១៨​រូបនោះ គឺជា​ការ​និយាយ​ភូតកុហក និង​បោកប្រាស់ ប្រាស់​ចាក​ពី​ការពិត​សុទ្ធសាធ ។ ឥឡូវនេះ ទោះបី​ទណ្ឌិត សម រង្សី ត្រូវបាន​សន្និសីទ​ពិភពលោក​ខុសច្បាប់​លើកដៃ​ឲ្យ​ធ្វើជា​ប្រធានស្តីទី​អតីត​បក្ស​ប្រ​ឆាំង​យ៉ាងណាក៏ដោយ ក៏​ទណ្ឌិត សម រង្សី នៅតែ​មិនមែនជា​តំណាង​អ្នកណា​ទាំងអស់ ពីព្រោះ​លែង​មាន​ទំនាក់ទំនង​ជាមួយ​អតីត​បក្ស​ប្រឆាំង​ទៀតហើយ​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu