ក្លិប Man City បានឯកភាពលើកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញអ្នកចាំទីស្ថិតនៅក្នុងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Zack Steffen ចូលលេងជាមួយពួកគេ ដោយផ្ទេរចេញពីក្លិប Columbus Crew នៅក្របខណ្ឌ MLSនាខែកក្កដា ឆ្នាំក្រោយ។ នេះបើយើងតាមការអះអាងពីក្លិបនៅក្របខណ្ឌ Premier Leagueមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវលំអិតជាក់លាក់នៃទឹកប្រាក់សម្រាប់កិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំមួយនេះ មិនត្រូវបានគេប្រកាសឲ្យដឹងនោះទេ ប៉ុន្តែក្លិប Columbus Crew បាននិយាយថា តម្លៃផ្ទេរនេះ គឺជាតម្លៃផ្ទេរដ៏ច្រើនបំផុតមិនធ្លាប់ដែលមាននៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយនិងជាតម្លៃខ្លួនខ្ពស់បំផុតមិនធ្លាប់ដែលទទួលបានសម្រាប់ក្លិបនៅក្របខណ្ឌ MLSសម្រាប់អ្នកចាំទី ក្នុងប្រវត្តិសាស្ត្ររយៈពេល២៣ឆ្នាំរបស់ក្រុម League មួយនេះ។
អ្នកចាំទី Steffen បាននិយាយថា ការប្រកាសឲ្យដឹងនៅថ្ងៃនេះដែលសំដៅលើរដូវកាលក្រោយនោះ គឺជាពេលវេលាដ៏ពិសេសបំផុតមួយ លោកកំពុងទន្ទឹងរង់ចាំ បញ្ចប់អាជីពជាមួយក្លិបមួយនេះ នៅលើប្រវត្តិដ៏ខ្លាំងក្លាមួយ។
ដោយឡែក លោក Pat Onstad គឺជាអគ្គនាយកស្តីទីរបស់ក្លិប Columbus Crew បាននិយាយថា នេះគឺជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រមួយសម្រាប់ក្លិប និងជាពេលវេលាដ៏ពិសេសមួយសម្រាប់កីឡារ Zack ដែលយើងមានមោតនភាពខ្លាំងណាស់ជំនួសគាត់។
សូមបញ្ជាក់ថា អ្នកចាំទី Steffen វ័យ២៣ឆ្នាំ បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Freiburg ដោយលេងបាន១៤ប្រកួតសម្រាប់ក្លិបអាល្លឺម៉ង់មួយនេះ មុនពេលដែលគាត់ផ្ទេរមកកាន់ក្លិប Crew ដែលមានមូលដ្ឋាននៅរដ្ឋ Ohio កាលពីឆ្នាំ២០១៦៕
Source: Kampuchea Thmey Daily
0 Comments