Ad Code

ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កំរិត​ខ្ពស់​ដល់​យុវជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ



ភ្នំពេញ ​៖ ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​ហៅ​កាត់​ថា​ADB​នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កំរិត​ខ្ពស់​ដល់​យុវជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ពេញលេញ​ចូលរួម​ប្រកួតប្រជែង​ជា​មួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់។

លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ចាប់ពី​ឆ្នាំ​២០១៩​តទៅ​ADB​នឹង​ជួយ​បណ្តុះបណ្តាល​លើ​ជំនាញ អគ្គិសនី អេ​ឡិច​ត្រូវ​និក សំណង់ និង​កម្ម​មន្ត​សាល​ដល់​យុវជន​កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២​ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​និង​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ត្រៀមខ្លួន​ចូល​ទៅ​ក្នុង​បច្ចេកវិទ្យា​ឌីជីថល​និង​បដិវត្ត​ឧស្សាហកម្ម​បួន​ចុច​សូន្យ​ខណៈ​នៅពេល​ខាងមុខ​កម្ពុជា​ត្រូវការ​អ្នក​បច្ចេកទេស​គ្រប់​ជំនាញ​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំៗ​។

ថ្លែង​ក្រោយ​ជំនួប​សម្តែង​ការគួរសម​រវាង លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោកស្រី Suniya Durrani Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ថ្មី​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង លោក​បាន​បន្ត​ថា ​ការ​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​គម្រោង​ប្រកួតប្រជែង​ជំនាញ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ជា​គម្រោង​ថ្មី​មួយ​មាន​រយៈពេល​៥​ឆ្នាំ​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ដល់​២០២៤​ខាងមុខនេះ​ ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កំរិត​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ។



​លោក​បាន​បន្ថែម​ថា ​គម្រោង​ថ្មី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​៩០​លាន​ដុល្លារ​ក្នុងនោះ​ADB​ចូលរួម​៦០​លាន​ដុល្លារ​និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ជាង​៣០​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការបណ្តុះបណ្តាល​យុវជន​រយៈពេល​២​ឆ្នាំ​នៅតាម​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្ថិតនៅក្រោម​ក្រសួង​ការងារ​និង​សាលា​បណ្តុះបណ្តាល​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

លោក​បាន​បញ្ជាក់​ថា​ ទន្ទឹម​នឹងនេះ​ការ​បណ្តុះបណ្តាល​នេះ​ក្រសួង​ត្រូវការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​នីមួយៗ​ដូចជា​អគារ​និង​បំពាក់​សម្ភារៈ​បរិក្ខារ​ឧបករណ៍​ទំនើបៗ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​បួន​ចុច​សូន្យ​ក៏ដូចជា​ស្រប​ទៅ​តាម​តម្រូវការ​របស់​សហគ្រាស​គ្រឹះស្ថាន​នានា​។

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រសួង​ក៏​ត្រូវ​ការ​បណ្តុះបណ្តាល​និង​បំប៉ន​ជំនាញ​បន្ថែម​ទៀត​ផង​ដែរ​ដល់​គ្រូ​ដើម្បី​ឲ្យ​ពួកគាត់​មាន​សមត្ថភាព​បង្ហាត់បង្រៀន​ដល់​សិស្ស​និង​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​បច្ចុប្បន្ន​។

លោកស្រី Sunniya Durrani Jamal បាន​សំដែង​នូវ ការ​ពេញ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​ការ​ខិតខំ​ក្នុងការ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្របទៅនឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ របស់​ADB ដោយ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឆ្លើយតប ទៅ​និង​ការវិវត្តន៍​រីកចម្រើន​នៃ​ឧស្សាហកម្ម​។

«​គួរ​បញ្ជាក់​ថា ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ដល់​យុវជន​កម្ពុជា​លើក​ទី​១​តាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥ លើក​ទី​២​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១​ដោយ​ផ្តោត​ទៅ​លើ​សិស្ស​នៅ​កំរិត​ថ្នាក់​ទី​៩​នូវ​ជំនាញ​ខ្លីៗ​កំរិត​មូលដ្ឋាន​ដូចជា​ជំនាញ​ជួសជុល​រថយន្ត អគ្គិសនី សំណង់​និង​បច្ចេកវិទ្យា​កុំព្យូទ័រ​ដើម្បី​ឲ្យ​សិស្ស​មានលទ្ធភាព​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​សង្គម​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu