កម្មវិធីបាល់ទាត់បែបសហគមន៍ធំAIA-ISF Youth League 2018 ដែលរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ បានបើកការប្រកួតផ្លូវការកាលពីចុងសប្ដាហ៍កន្លងទៅដោយមានក្រុមចូលរួមចំនួន១០០ក្រុម មកពីបណ្ដាអង្គការទាំងអស់ទូទាំងរាជាធានីភ្នំពេញ ព្រមទាំងគ្រោងរៀបចំរយៈពេលប្រកួត៦ខែ។
កម្មវិធីបាល់ទាត់បាល់ទាត់បែបមហាជននេះធ្វើឡើងនៅទីលានកីឡាបាល់ទាត់របស់អង្គការផ្កាយសមុទ្រ នៅភូមិព្រះធាតុនៃរាជធានីភ្នំពេញ។ ការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League គឺជាកិច្ចការរួមគ្នាមួយរវាងអង្គការសប្បុរសផ្កាយសមុទ្រ ជាមួយដៃគូឧបត្ថម្ភដោយមានការគាំទ្របច្ចេកទេសពីក្លឹបបាល់ទាត់ Tottenham Hotspur ("Spurs") នៅលីគកំពូលប្រទេសអង់គ្លេស។
លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្រ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីបើកកាលពីថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗនេះថា «ភាពជាដៃគូជាមួយម្ចាស់ឧបត្ថម្ភបានជួយយើងឲ្យទទួលបានអ្វី ដែលយើងមានថ្ងៃនេះ ដែលមានឥទ្ធិពលដល់ជីវិតកុមាររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេឲ្យមានជីវភាពកាន់តែប្រសើរឡើង។ យើងអរគុណ និងអបអរសាទរដល់ដៃគូសហការរបស់យើងក៏ដូចជាក្រុមបាល់ទាត់ Spurs សម្រាប់ការខិតខំប្រឹងប្រែងក្នុងការលើកកំពស់បុព្វហេតុរបស់យើង ហើយយើងសង្ឃឹមយ៉ាងមុតមាំថាការប្រកួត AIA-ISF Youth League នៅឆ្នាំនេះ នឹងទទួលបានលទ្ធផលកាន់តែច្រើនថែមទៀត»។
លោក Anton Blackwood គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកតំណាងក្លិប Spurs ពីររូប មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំរបស់គ្រូបង្វឹក និងចំណង់ចំណូលចិត្តរបស់កីឡាករទាំងឡាយ។ លោកបានផ្តល់ការហ្វឹកហាត់គន្លឹះមួយចំនួនដល់គ្រូបង្វឹកអង្គការផ្កាយសមុទ្រ។ ដោយឃើញភាពរីករាយរបស់កុមារជាច្រើននៅទីនេះ លោកមានការជឿជាក់ថាគ្រូបង្វឹកទាំងអស់កំពុងប្រើប្រាស់ឱកាសដែលការប្រកួតនេះផ្តល់ឲ្យដើម្បីបង្កើនជំនាញ និងក្តីស្រលាញ់ចំពោះកីឡាបាល់ទាត់។ នេះ គឺជាគំរូចីរភាពមួយ ដែលដៃគូឧបត្ថម្ភនិង Spurs ចង់បាន ហើយសង្ឃឹមថាគ្រប់គ្នារីករាយណាស់ដែលបានឃើញវានៅក្នុងការប្រកួតនេះ៕
Source: Kampuchea Thmey Daily
0 Comments