ភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ពីបទទិញពេស្យាចារកុមារ និងបទអូសទាញពេស្យាចារកុមារ។
សាលក្រមតុលាការក៏បានបង្គាប់អោយជនត្រូវចោទសងជំងឺចិត្តអោយកុមារីវៀតណាម៣នាក់និងទឹកប្រាក់ចំនួន១២ ០០០ដុល្លារផងដែរ ហើយបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងសាលក្រម។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ ១ Cliv Robert Kingsley អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស។ ទី២ឈ្មោះ ជា សុចាន់ធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។ Robert Kingsley និងជា សុចាន់ធី ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនកាលពីថ្ងៃទី ២៩មេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់ទំពួង១ខណ្ឌចម្ការមន ជាមួយនឹងកុមារីវៀតណាមក្មេងៗ៤នាក់។
ការចាប់ខ្លួនលោករ៉ូបឺតនិងប្រពន្ធជនជាតិវៀតណាមដោយសារអាជ្ញាធររកឃើញថា លោករ៉ូបឹតបានអូសទាញកុមារីវៀតណាមក្មេងៗមកធ្វើជាកូនចិញ្ចឹមហើយក៏ឆ្លៀតកេងប្រវ័ញ្ចផ្លូវភេទជាមួយក្មេងៗទាំងនោះ។
នៅក្នុងសវនាការអសាធារណៈកាលពីដើមខែធ្នូ លោករ៉ូបឹតនិងប្រពន្ធរបស់គាត់បានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែលោកគ្មានភស្តុតាងដើម្បីដោះបន្ទុកទេ៕
Source: Kampuchea Thmey Daily
0 Comments