២គ្រាប់យ៉ាងអស្ចារ្យពីកីឡាករFelipe Anderson បានធ្វើឲ្យក្រុម West Hamរកបានជ័យជំនះ២-១លើក្រុម Southamptonនៅជំនួប Premier Leagueរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍។
លទ្ធផលនេះដែរ បានធ្វើឲ្យក្រុម West Hamឡើងមកឈរនៅលេខរៀងទី៩ នៅលើតារាង មាន២៧ពិន្ទុ ពី១៩ប្រកួត ខណៈពេលដែលក្រុម Southampton បន្តឈរនៅលេខរៀងទី១៦ មាន១៥ពិន្ទុ ពោលគឺមាន៣ពិន្ទុប៉ុណ្ណោះឈរនៅពីលើតំបន់គ្រោះថ្នាក់ ក្រោយទទួលរងបរាជ័យជាលើកដំបូងក្នុងទឹកដីរបស់ពួកគេ ពី៥ប្រកួត។
លោកManuel Pellegrini គឺជាអ្នកចាត់ការរបស់ក្រុម West Ham សប្បាយរីករាយខ្លាំងណាស់ ពេលមើលឃើញក្រុមរបស់គាត់ឡើងទៅឈរពាក់កណ្តាលតារាង នៅពាក់កណ្តាលទីក្នុងយុទ្ធនាការ ក្រោយពីចាប់ផ្តើមរដូវកាលជាមួយនឹងបរាជ័យ៤លើករួចមកនោះ។
លោកបាននិយាយប្រាប់ BBCថា គុណសម្បត្តិទាំងអស់ធ្លាក់ទៅលើក្រុមកីឡាករ។
លោកបាននិយាយថា យើងលេងការប្រកួតដ៏ល្អបំផុតមួយតាំងពីដំបូង ដើម្បីឈ្នះវា ហើយយើងពិតជាមានតុល្យភាពខ្លាំងណាស់។ យើងលេងខ្លាំងបំផុតនៅតង់ទី១ ហើយយើងការពារក៏បានល្អផងដែរ។
លោកបន្តថា ខែធ្នូ គឺជាខែល្អមួយសម្រាប់ក្រុម មិនមែនត្រឹមតែសម្រាប់រូបលោកនោះទេ គឺសម្រាប់ក្រុមទាំងមូល។ លោកគិតថា រឿងដែលសំខាន់បំផុតគឺយើងលេងការប្រកួតតាមវិធីតែមួយនៅក្រៅទឹកដី ដូចដែលយើងបានលេងនៅក្នុងទឹកដី៕
Source: Kampuchea Thmey Daily
0 Comments