ភ្នំពេញ ៖ មហាជន ច្បាស់ជាបានដឹង និងទស្សនាគ្រប់គ្នាហើយ បន្ទាប់ពីមានការបង្ហោះ និងចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក នូវឃ្លីបវីដេអូរបស់តារាប្រុស លោក អ៊ឹម ជីវ៉ា តាមរយៈការសម្តែងពីករណី នៃការជះស្រាបៀរ និងគប់កំប៉ុង ដោយភ្ជាប់ទៅនឹងសាច់រឿងរបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលត្រូវបានបុរសម្នាក់គប់កំប៉ុង និងជះស្រាបៀរលើខ្លួនកាលពីថ្មីៗនេះ បង្កឲ្យក្លាយជានាប្រធានបទក្តៅ និងផ្អើលខ្លាំង នាបំណាច់ឆ្នាំ២០១៨នេះ។
ស្របពេលដែលមានការបញ្ចេញវីដេអូរបស់ លោក អ៊ឹម ជីវ៉ា នេះដែរ ភ្លាមៗនោះ មានទស្សនិកជនមួយចំនួនយល់ឃើញថាវីដេអូមួយនេះ គឺធ្វើឡើងហាក់មានចេតនា ចង់ចំអកផ្លែផ្កាដល់ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈដែលកន្លងមក លោកបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថា ករណីរបស់ ទេព បូព្រឹក្ស ជារឿងកំប៉ិកកំប៉ុក។
ដោយសារតែមានការរិះគន់ពីមហាជន និងការផលិតវីដេអូរបស់ លោក អ៊ឹម ជីវ៉ា បែបនេះហើយ ទើបធ្វើឲ្យ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ចេញប្រតិកម្មលើករណីនេះ ដោយចាត់ទុកថាជារឿងខ្វះការស្វែងយល់ និងពិចារណាដោយក្នុងនោះ លោក ថៃ នរៈសត្យា បានហៅ លោក អ៊ឹម ជីវ៉ា ថា ជាក្តឹបមមង់តារា។
យោងតាមសាររបស់ លោក ថៃ នរៈសត្យា បានប្រតិកម្មថា វាជាករណីដែលគួរឲ្យអាណិតណាស់ចំពោះក្តឹបមមង់តារាមួយនេះ…..ស្អីក៏មិនអាចអំណោយផលចំពោះភាពដែលអាចលេចធ្លោក្នុងសិល្បៈបានដែរ មានតែខំបោកក្បាលទៅនឹងរឿងកំប៉ិកកំប៉ុកអញ្ចឹងហើយ ក្រែងបានគេស្គាល់ខ្លះទោះដឹងជាមុនថាវាមិនអាចអូសមុខទៅរកភាពល្បីខាងល្អកើតក៏ដោយ។
ទន្ទឹមគ្នានឹងការប្រតិកម្មរបស់ លោក ថៃ នរៈសត្យា នេះដែរ ភ្លាមៗនោះសាមីខ្លួន លោក អ៊ឹម ជីវ៉ា បានចេញមុខបញ្ជាក់ទៅវិញថា សូមគោរព និងជូនចំពោះឯកឧត្ដម ថៃ នរៈសត្យា ដោយក្តីគោរព ក្មួយសូមជម្រាបឯកឧត្ដមថា ក្មួយជាក្តឹបមមង់តារា វាមិនល្បី មិនលេចធ្លោទេ ឯកឧត្ដម តែក្មួយខំប្រឹងរស់ដោយការតស៊ូពីបាតដៃទទេ ជាមួយសិល្បៈ រស់នៅជាមួយព្រះសង្ឃ មិនដែលបានបំផ្លាញយកលុយម៉ែឪចាយ ឬបំផ្លាញក្នុងគ្រួសារឡើយ។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា ក្មួយខំប្រឹងចង់ល្បីដោយមិនប្រើខ្សែដូចគេ …អ្នកខ្លះកូនប្រលងហ្វេសស៊ីឪធ្វើគណៈអធិបតី.. តាំងពីក្មួយចូលសិល្បៈមក ក៏មិនដែលបានដើរទៅណាដើម្បីបំផ្លាញសង្គម ឲ្យសង្គមស្អប់ខ្ពើម ហើយខ្ញុំក៏មិនបានទៅលក់គ្រឿងញៀនដែរ ឯកឧត្ដមអើយ ..។ ក្មួយក៏មិនបានទៅខ្ចីលុយធនាគារដើម្បីបំពេញភាពហ៊ឺហាដូចអ្នកខ្លះទេ ឯកឧត្ដម ..! គឺក្មួយទទួលស្គាល់អ្វីដែលក្មួយមាន ក្មួយជាអ្នកក្ររស់ដោយកិត្តិយស បើគេជួលទៅសម្តែងក្មួយទៅ ទៅច្រៀងម្តងបានតែ១០ដុល្លារ ឡើងទូរទស្សន៍ម្តងគេឲ្យតែ២០ដុល្លារហ្នឹងឯកឧត្ដម ក្មួយខំប្រឹងរកលុយមកចិញ្ចឹមគ្រួសារ។
តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបន្ថែមថា ក្មួយសូមថ្លែងអំណរគុណដែលឯកឧត្ដមប្រើភាសាសរសេរលើComment Facebook ភាសាសរសេររបស់ឯកឧត្ដមក្មួយមិនថាឯកឧត្ដមមើលងាយក្មួយទេតែក្មួយពិតជាមានកិត្តិយសដែលបានរដ្ឋលេខាធិការក្រសួងមកcomment ចំពោះពាក្យពេជ្រដ៏មានន័យក្នុង comment នេះ។ សូមគោរពជូនពរឯកឧត្ដម និងក្រុមគ្រួសារមានសុខភាពល្អជោគជ័យសម្រេចគ្រប់ភារកិច្ច៕
Source: Kampuchea Thmey Daily
0 Comments