ព្រះមហាក្សត្រ Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាឲ្យមានការរុះរើរដ្ឋាភិបាលថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយជំនួសមន្ត្រីសន្តិសុខនិងបុគ្គលនយោបាយសំខាន់ៗរួមទាំងរដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ខណៈពេលដែលប្រទេសនេះ កំពុងតស៊ូជាមួយនឹងវិបត្តិជាអន្តរជាតិជុំវិញករណីឃាតកម្មលើអ្នកកាសែតឈ្មោះ Khashoggi។
ការរុះរើដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានគេមើលឃើញពីការតែងតាំងរដ្ឋមន្ត្រីថ្មីៗនៃឆ្មាំជាតិដ៏មានឥទ្ធិពល ក្រសួងព័ត៌មាននិងក្រសួងអប់រំក៏ដូចជាប្រមុខទីភ្នាក់ងារអវកាសថ្មីផងដែរប៉ុន្តែក្រសួងថាមពលនិងក្រសួងហិរញ្ញវត្ថុមិនទទួលរងឥទ្ធិពលទេថ្វីបើមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ។
ការកែប្រែនេះមិនបានប៉ះពាល់ដល់សិទ្ធិអំណាចរបស់រាជទាយាទ Mohammed bin Salman ទេដែលកំពុងប្រឈមនឹងការពិនិត្យដ៏ខ្លាំងក្លាជាអន្តរជាតិជុំវិញឃាតកម្មលើអ្នកកាសែត Khashoggi កាលពីថ្ងៃទី២ខែតុលាដែលបានធ្វើឲ្យប្រទេសនេះជួបវិបត្តិដ៏អាក្រក់បំផុតមួយ។
ព្រះរាជក្រឹត្យមួយបានឲ្យដឹងថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Ibrahim al-Assaf ដែលត្រូវបានឃុំខ្លួនកាលពីឆ្នាំមុនក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយគឺនឹងត្រូវជំនួសលោក Adel al-Jubeir ជារដ្ឋមន្ត្រីការបរទេស។
ព្រះរាជក្រឹត្យនេះបានបន្ថែមដោយគ្មានការពន្យល់អំពីការផ្លាស់ប្តូរនេះថា លោក Jubeir ដែលបានព្យាយាមការពាររដ្ឋាភិបាលពីភាពតានតឹងជាអន្តរជាតិបន្ទាប់ពីការសម្លាប់លោក Khashoggi គឺត្រូវបញ្ចុះឋានៈទៅជារដ្ឋមន្ត្រីរបស់រដ្ឋសម្រាប់កិច្ចការបរទេស។
នៅក្នុងការតែងតាំងដ៏សំខាន់ផ្សេងទៀត ព្រះអង្គម្ចាស់ Abdullah bin Bandar ត្រូវបានតែងតាំងជាមេបញ្ជាការកងឆ្មាំជាតិដ៏មានអំណាចហើយលោក Musaed al-Aiban ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard គឺត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិថ្មី។
នៅក្នុងការផ្លាស់ប្តូរដទៃទៀត លោក Turki al-Shabanah ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយ Rotana គឺត្រូវបានតែងតាំងជារដ្ឋមន្ត្រីព័ត៌មានថ្មីជំនួសលោក Awwad al-Awwad ដែលត្រូវបានតែងតាំងជាទីប្រឹក្សាតុលាការភូមិន្ទ។
ព្រះមហាក្សត្រក៏បានបញ្ជាឲ្យបង្កើតភ្នាក់ងារអវកាសជាតិមួយផងដែរដែលត្រូវបានដឹកនាំដោយបុត្រាម្នាក់ទៀតរបស់ទ្រង់គឺព្រះអង្គម្ចាស់ Sultan bin Salman ដែលជាអតីតអវកាសយានិក។
គួរបញ្ជាក់ថា ការរុះរើនេះបានកើតឡើងខណៈដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងព្យាយាមជួសជុលរូបភាពអាក្រក់របស់ខ្លួនបន្ទាប់ពីករណីឃាតកម្មលើលោក Khashoggi ដែលត្រូវបានគេចាត់ទុកថាជាវិបត្តិការទូតដ៏អាក្រក់បំផុតចាប់តាំងពីការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១លើសហរដ្ឋអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments