ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចឆ្កឹះយកអាគុយម៉ូតូកង់បីមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋឃើញទាន់ហៅម្ចាស់កង់បីមកចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយពួកគាត់អះអាងថា ពីយប់ក៏បានចូលលួចម្តងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងក្រុម១៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឯម សុខា អាយុ៣៧ឆ្នាំ ស្នាក់នៅក្រុម១៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។
ដោយឡែក ម្ចាស់រថយន្ត ដែលជនសង្ស័យវាយកញ្ចក់លួចសម្ភារៈកាលពីយប់ដែរនោះ មានឈ្មោះ ពុំ សុខា អាយុ៤៥ឆ្នាំ មុខបរបើក រត់ឡាន ស្នាក់នៅ ភូមិកើតហេតុខាងលើ។
ចំណែកជនសង្ស័យ មានឈ្មោះ ពេជ្រ រចនាឌី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សាក្សីដែលបានឃើញហេតុការណបានឲ្យដឹងថា កាលពីយប់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យបានមកវាយបំបែកកញ្ចក់រថយន្តទេសចរណ៍២៥កៅអី មួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3E-3716 និងបានលួចយក កាមេរ៉ា ឡានមួយ និងទូរទស្សន៍មួយ យកទៅបាត់ លុះដល់វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃខែដដែល ញ៉ាម ក៏បានមកលួចឆ្កឹះអាគុយម៉ូតូកង់ម្ដងទៀតក៏ត្រូវប្រជាពលរដ្ឋឃើញនាំគ្នាដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច នគរបាល ឫស្សីកែវ វាយខ្នោះយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលឫស្សីកែវ។
ក្រោយពេល កើតហេតុ កម្លាំងសមត្ថកិច្ច បាននាំយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅអធិការ នគរបាលខណ្ឌឫស្សីកែវ ចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments