Ad Code

ការបិទ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បន្ត​ដល់​សប្តាហ៍​ក្រោយ​



ការបិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​អាមេរិក​នឹងត្រូវ​បន្ត​ទៅដល់​សប្តាហ៍​ក្រោយ​បន្ទាប់ពី​សមាជិកសភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បរាជ័យ​ទម្លាយ​ភាពជាប់គាំង​មួយ​ក្នុង​ជម្លោះ​លើ​ការទាមទារ​របស់លោក​ប្រធាន​ធិបតី Donald Trump សម្រាប់​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​។​

បន្ទាប់ពី​ការប្រជុំ​រយៈពេល​ពីរ​បី​នាទី​ក្រោយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល ព្រឹទ្ធសភា​បានសម្រេច​ចិត្ត​ធ្វើការ​ពិភាក្សា​ជាថ្មី​អំពី​កញ្ចប់​ថវិកា​នៅ​ថ្ងៃ​ពុធ​ក្រោយ​ដែលជា​ថ្ងៃ​ចុងក្រោយ​របស់​សភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​។​

នោះ​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បន្ត​បិទទ្វារ​ខណៈ​បច្ចុប្បន្នកំពុង​បិទ​ដល់​ថ្ងៃទី​៦​រួចទៅហើយ​។​
​ភាគី​ទាំងពីរ​បានជា​ប់​នៅក្នុង​ជម្លោះ​ដោយ​ក្នុងនោះ គណបក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​ផ្តល់​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ជញ្ជាំង​ព្រំដែន​របស់លោក Trump ហើយ​លោក​ប្រធានាធិបតី​បាន​ទទូចថា លោក​នឹងមិន​ផ្តល់​មូលនិធិ​ឲ្យ​រដ្ឋាភិបាល​ពេញលេញ​ទេ​លុះត្រាតែ​លោក​ទទួលបាន​ប្រាក់​នេះ​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​ចោទប្រកាន់​អ្នកប្រជាធិបតេយ្យ​ថា “​ជ្រើសរើស​ដោយ​បើកចំហ​ឲ្យ​រដ្ឋាភិបាល​បិទទ្វារ​ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាជាង​ប្រជាជន​អាមេរិក​”​។​

លោកស្រី​បាន​និយាយថា “​លោក Trump នឹងមិន​ចុះហត្ថលេខា​លើ​សំណើ​មួយ​ដែល​មិន​ផ្តល់​អាទិ​ភាពជា​ចម្បង​ដល់​សុវត្ថិភាព​និង​សន្តិសុខ​របស់​ប្រទេស​យើង​នោះទេ​”​។​

ដរាបណា​ការជជែក​ដេញដោល​លើ​ជញ្ជាំង​នៅតែ​បន្ត​នោះ និ​យោ​ជិ​ក​ប្រហែល​៨០០,០០០​នាក់​នឹងមិន​ទទួលបាន​ប្រាក់ខែ​ទេ​ហើយ​ផ្នែក​ដែល​មិន​សំខាន់​របស់​រដ្ឋាភិបាល​មិនអាច​ដំណើរការ​បានឡើយ​។​

លោក Trump បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​មិនមាន​បំណង​ផ្តល់​មធ្យោបាយ​ជាមុន​ទេ​។​
​នៅក្នុង​ការ​បង្ហោះ Twitter មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គាត់​បាន​ចោទប្រកាន់​អ្នកប្រជាធិបតេយ្យ​ជាថ្មី​ម្តង​ទៀតថា ពួកគេ​ចង់​លើកទឹកចិត្ត​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

គាត់​បាន​និយាយ​នៅក្នុង Twitter មួយ​ទៀតថា “​ត្រូវតែ​បញ្ឈប់​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស សមាជិក​ក្រុម​ឧក្រិដ្ឋកម្ម​និង​ឧក្រិដ្ឋជន​ពី​ការ​ចូលមក​ក្នុងប្រទេស​របស់​យើង​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu