ភ្នំពេញ ៖ កូនស្រី លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា បានបន្តវាយប្រហារក្រុមលោក សម រង្ស៊ី ដែលថ្មីៗនេះ បានរៀបចំកម្មវិធីមួយនៅទីក្រុងអាត់ត្លង់តា (Atlanta) រដ្ឋ Georgia សហរដ្ឋអាមេរិក ហើយបានតែងតាំង លោក សម រង្ស៊ី ជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ រំលោភទៅនឹងលក្ខន្តិកៈរបស់គណបក្ស ហើយបានអះអាងថា បើចាត់ទុកគណបក្សសង្គ្រោះជាតិ (CNRP) មិនទាន់រលាយ ត្រូវតែគោរពលក្ខន្តិកៈ។
កញ្ញា កឹម មនោវិទ្យា លើកឡើងបែបនេះ បន្ទាប់ពីក្រុមមនុស្សមួយចំនួន ដែលគាំទ្រ លោក សម រង្ស៊ី បាននាំគ្នារៀបចំសន្និសីទមួយកាលពីថ្មីៗនេះ ដោយបានចេញសេចក្ដីសម្រេចចំនួន១០ចំណុច ហើយក្នុងនោះ ក៏មានការតែងតាំង លោក សម រង្ស៊ី ជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិផងដែរ ដែលការសម្រេចបែបនេះ ត្រូវបានអតីតថ្នាក់ដឹកនាំជាច្រើនយល់ថា ធ្វើឡើងដោយខុសលក្ខន្តិកៈ និងជាការធ្វើបក្សប្រហារ។
កញ្ញា កឹម មនោវិទ្យា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងនេះថា "បើចាត់ទុកថា CNRP មិនរលាយដូចតុលាការប្រកាសទេនោះ ត្រូវគោរពក្របខ័ណ្ឌ លក្ខន្តិកៈ CNRP។ CNRP តែងចេញសេចក្ដីថ្លែងការណ៍ជារឿយៗថា មិនទទួលស្គាល់ការរំលាយទេ នៅតែប្រតិបត្តិតាមលក្ខន្តិកៈជានិច្ច”។
តាមកញ្ញា កឹម មនោវិទ្យា “បើចាត់ទុកថា CNRP រលាយហើយ គ្មានមានលក្ខន្តិកៈទៀតទេ នោះមានន័យថា គ្មានបក្សឈ្មោះ គ ស ជ CNRP ទៀតទេ ដូច្នេះម្ដេចបានជាហៅថា ការប្រជុំ CNRP និងប្រធាន CNRP ? បើហ៊ាននិយាយថា CNRP រលាយហើយ អញ្ចឹងនោះជា conference ខ្យល់ ប្រធានស្តីទីខ្យល់ ! អន្តរជាតិ អន្តរជាតិៗៗៗ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ឬ បានជាមិនដឹងពីដំណើរការរកដំណោះស្រាយរបស់អន្តរជាតិ ? ដែលគេជិតមកដល់ទីបញ្ចប់ទៅហើយ"។
ទាក់ទងបញ្ហានេះដែរ លោក ហ៊ីង សុខសាន អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សស្និទ្ធជាមួយ លោក សម រង្ស៊ី ផងដែរនោះ បានលើកឡើងថា ការរៀបចំ សន្និសីទនៅអាត្លងតា សហរដ្ឋអាមេរិកនោះ ទីមួយ មិនស្របទៅនឹងទម្រង់លក្ខន្តិកៈគណបក្សយ៉ាងធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា “កម្មវិធីនៅអាត្លងតា វាអត់មានអីខុសពីកម្មវិធីមុនៗនោះទេ គ្រាន់តែគេទាញការចាប់អារម្មណមួយប៉ុណ្ណោះ តែអ្វីដែលយើងមើលឃើញ គឺជាទង្វើមួយ និងប្រាសចាកពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិធ្ងន់ធ្ងរ បើសិនជាយើងតាំងខ្លួនជាថ្នាក់ដឹកនាំ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យើងអត់ប្រព្រឹត្តអ្វីខុសពីលក្ខន្តិកៈគណបក្សនោះទេ។
ផ្ទុយទៅវិញ បើយើងចេញពីគណបក្សទៅបង្កើតអ្វីមួយផ្សេងទៀត ទើបលក្ខន្តិកៈគណបក្សអស់តម្លៃ។...ខ្ញុំឃើញសេចក្ដីសម្រេច១០ចំណុចហ្នឹង ដូចជាចង់សើច ដូចជាបាយឡុកបាយឡ ហើយមិនត្រឹមតែផ្ទុយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សទេ ហើយចេញសេចក្ដីសម្រេចហ្នឹងមក វាហាក់ដូចជាលេងសើចពេក ធ្វើឲ្យគេមើលងាយយើង ហើយទី២ឲ្យមហាជនហ្នឹងចាត់ទុកអ្នកចូលរួមធ្វើសេចក្ដីសម្រេចហ្នឹង ខ្ញុំមិនដឹងប្រើពាក្យយ៉ាងម៉េចឲ្យសមរម្យនោះទេ ខ្ញុំខ្ជិលនិយាយហ្មងទៅ ពាក្យខ្មែរនិយាយថា ដូចលេងសើចហ្មង...”។
សូមបញ្ជាក់ថា សន្និសីទរបស់អតីតគណបក្សប្រឆាំង បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក សម រង្ស៉ី ខណៈ លោក កឹម សុខា និងបក្ខពួកមិនគាំទ្រ ឬចូលរួមនៅក្នុងសន្និសីទ ដែលរៀបចំឡើងដោយក្រុមរបស់ លោក សម រង្ស៉ី នោះឡើយ។
ក្រោយពីសន្និសីទនោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ សហមេធាវី៤រូបរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយប្រកាសជំហររបស់ លោក កឹម សុខា ថា មិនទទួលស្គាល់សន្និសីទរបស់ក្រុម លោក សម រង្ស៉ី នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិកនោះទេ៕
Source: Kampuchea Thmey Daily
0 Comments