បាត់ទាត់ ៖ ក្រុមបឹងកេតអែហ្វស៊ី ជើងឯករងក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានដាក់គម្រោងសាងសង់ទីលានផ្ទាល់ខ្លួនលើកដំបូង ក្រោយកកើតក្លិបតាំងពីឆ្នាំ២០១០ មក ដែលគម្រោង២ផ្សេងគ្នានេះ គឺមាននៅរាជធានីភ្នំពេញ ចំនួន១កន្លែង និងនៅខេត្តកំពង់ចាម ១កន្លែង។
ថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត បានរៀបចំពិធីសែនព្រេនដើម្បីបើកការដ្ឋានសាងសង់កីឡដ្ឋានគម្រោងទី១ដែលមានទីតាំងនៅតំបន់បឹងស្នោ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ កាលពីខែតុលា កន្លងទៅខណៈតាមគ្រោងការសាងសង់ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់មុនរដូវកាលក្រោយដើម្បីត្រៀមស្វាគមន៍ការប្រកួតលីគកំពូល ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់អន្តរជាតិផ្សេងៗ។
លោក បែ មករា អ្នកចាត់ការក្លិបបឹងកេតឲ្យដឹងថា កីឡដ្ឋានរបស់ខ្លួនលើកទី១នេះ បានចាប់ផ្ដើមដំណើរក្រាលស្មៅជាផ្លូវការនៅថ្ងៃអង្គារ ទី០៤ធ្នូ សប្ដាហ៍នេះ។ ប្រភពបន្តថា កីឡដ្ឋាននេះជាស្មៅធម្មជាតិ និងមានគុណភាពដូចទៅនឹងស្មៅរបស់កីឡដ្ឋានក្លិប Buriram United និងអាចដំណើរការហ្វឹកហាត់ជាស្ថាពរនៅអំឡុងខែមករា ឆ្នាំ២០១៩ ខាងមុខ។ ចំណែកតម្លៃស្មៅ និងដំណើរការក្រាលសរុបទឹកប្រាក់អស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក។
តាមគ្រោងក្រៅអំពីការចូលរួមទស្សនាការប្រកួតនានាក្នុងទឹកដីរបស់ក្លិបបឹងកេតនៅកីឡដ្ឋានថ្មីនេះអ្នកគាំទ្រក៏អាចរីករាយទទួលយកនូវបទពិសោធន៍ថ្មី ជាមួយការដើរកម្សាន្ត ទិញទំនិញផ្សេងៗ ទទួលទានអាហារឆ្ងាញ់ៗក្នុងភោជនីយដ្ឋានដែលមានផាសុកភាព លេងកីឡា ឬហាត់ប្រាណ នៅកន្លែង Gym ដែលបំពាក់ដោយឧបករណ៍ទំនើបៗផងដែរ។
លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតធ្លាប់បានបញ្ជាក់ថា ៖ «តាមពិតទៅ គម្រោងយើងដំបូង សម្រាប់គម្រោងធ្វើនៅភ្នំពេញ គ្រាន់តែជាកន្លែងហ្វឹកហាត់ទេ ព្រោះកីឡាករភាគច្រើនគាត់ស្នាក់នៅភ្នំពេញ ដល់ពេលយើងប្រកួតក្នុងដី យើងទៅប្រកួតនៅខេត្តកន្លែងយើងធ្វើ។ តែដោយសារយើងអត់ទាន់មានទីតាំងនៅខេត្ត អីចឹងយើងក៏បង្វែរពីការធ្វើកន្លែងហ្វឹកហាត់នៅភ្នំពេញ ទៅជាទីលានប្រកួតបណ្ដោះអាសន្ន ដែលជាគម្រោងទី១។
ទោះបីជាទីលានប្រកួតបណ្ដោះអាសន្នក្ដី ក៏យើងមិនធ្វើឲ្យតែរួចពីដៃដែរ គឺយើងនឹងធ្វើឲ្យបានល្អ ដែលមើលទៅអាចទទួលយកបាន អ្នកគាំទ្រសប្បាយចិត្តនឹងមកទស្សនា មានកន្លែងអង្គុយ និងមានកន្លែងហាត់ប្រាណជាដើម»។ រីឯគម្រោងទី២ ដែលក្លឹបគ្រោងសាងសង់ជាកីឡដ្ឋានធំស្តង់ដារ នៅខេត្តកំពង់ចាម ក៏មិនទាន់កំណត់ពេលវេលាសាងសង់ដែរ ដោយរង់ចាំរកឃើញទីតាំងដីល្អសិន។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។
នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរ តែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments