Ad Code

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ស្រទាប់​យុវវ័យ​បែរ​មករក​ការអាន​សៀវភៅ​



ភ្នំពេញ ​៖ ការ​តាំង​ពិព័ណ៌​សៀវភៅ​ឆ្នាំនេះ​ បាន​កក្រើក​ដល់​សិស្ស និស្សិត​ និង​អ្នក​និយម​អាន​សៀវភៅ​ ព្រោះ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន​ បានរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ​ព្រមទាំង​ចែកជូន​សៀវភៅ​ដោយ​ឥតគិតថ្លៃ​នូវ​ស្នាដៃ​ដ៏​ល្អឯក​របស់​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខ្មែរ និង​ទស្សនៈ​ល្អៗ ​ជួយ​អប់រំ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ សេចក្តីពន្យល់​នានា​ ដែល​នាំទៅរក​សេចក្តីសុខ​ផងដែរ​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ជាពិសេស​ស្រទាប់​យុវវ័យ ​បែរ​មក​រក​ការ​អាន​សៀវភៅ​ភ្លាមៗ​ ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​។​

​ព្រោះ ​សិស្ស និស្សិត ព្រះសង្ឃ និង​មហាជន​រាប់​ម៉ឺន​នាក់​ បាន​សម្រុក​ចូល​ទៅ​បណ្ណាល័យ​ជាតិ ​ដែល​នៅ​ក្បែរ​វត្តភ្នំ​ បានធ្វើឲ្យ​អ្នកនិពន្ធ​ និង​អ្នកលក់​សៀវភៅ​ទាំងអស់ ​មាន​ក្តី​សង្ឃឹម​ឡើងវិញ ព្រោះ​ឃើញ​ចរន្ត​អ្នកអាន​កើនឡើង​យ៉ាង​គំហុក​ មិន​នឹកស្មាន​ដល់​។​

ជាមួយគ្នា​នោះដែរ​ លោកស្រី ខ្លូត វិបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា ​បាន​មានប្រសាសន៍ថា លោកស្រី​សប្បាយចិត្ត​ខ្លាំងណាស់​ឆ្នាំនេះ ​ព្រោះ "​អំណោយ​សៀវភៅ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នក​សិក្សា​ស្ទើរ​ពេញ​មួយ​នគរ​"​។​

លោកស្រី បាន​បន្តថា គ្រាន់តែ​នៅ​ថ្ងៃ​ទីមួយ អ្នក​ដែល​ចូលរួម​ពិព័ណ៌​​សៀវភៅ​ មាន​ដល់​ទៅ​ជាង​៣​ម៉ឺន​នាក់ មិន​ធ្លាប់មាន​ទេ ​ក្នុង​ប្រវត្តិ​តាំង​ពិព័ណ៌​​សៀវភៅ​ ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លងមកនេះ​។​

​ព្រោះ​ជាច្រើន​ឆ្នាំ​មកហើយ​ ដែល​ឪពុក​ម្តាយ អាណាព្យាបាល ​និង​គ្រូបង្រៀន ​តែង​សម្ដែង​ក្តី​បារម្ភ​អំពី​និន្នាការ​របស់ ​កូនៗ ក្មួយៗ និង​យុវជន ​ដែល​មិនសូវ​ព្យាយាម ​ក្នុងការ​សិក្សា ​ជាពិសេស ​គឺ​ការអាន ប៉ុន្តែ​យុទ្ធនាការ​ ឬ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​គេ​ពុំបាន​គិតដល់ ឬ​ពុំ​ធ្លាប់​បានធ្វើ​ដោយ​មេដឹកនាំ​រូប​ណា​មួយ​ក្នុង​ប្រវត្តិ​សិក្សាអប់រំ​របស់​ខ្មែរ នោះ​គឺ​ការចែក​សៀវភៅ​ទ្រង់ទ្រាយ​ធំ​ដោយ​ឥតគិតថ្លៃ​ពី​ថ្នាក់​ដឹកនាំ​កំពូល​របស់​កម្ពុជា សម្ដេច ហ៊ុន សែន។​

លោកស្រី​បញ្ជាក់​ថា ​សូម​ឲ្យ​អំណោយ​មនុស្សធម៌ ​និង​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ នាំទៅដល់​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​កាន់តែ​ផុសផុល​ដល់​យុវជន​ខ្មែរ​គ្រប់រូប​នាំគ្នា "​បែរ​មករក​សៀវភៅ អាន​សៀវភៅ​" ដើម្បី​យក​ចំណេះ​វិជ្ជា​ពិតប្រាកដ "​ទុក​សម្រាប់​ជួយ​ខ្លួនឯង ជួយ​គ្រួសារ និង​សង្គមជាតិ​។​

គួរបញ្ជាក់​ផងដែរ​ កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី៧​ ដោយមាន​ស្តង់​ចំនួន​១១៤​ស្តង់​ សម្រាប់​ដាក់​តាំង​បង្ហាញ​សៀវភៅ​នានា​ដែល​នាំ​មកពី​បណ្ដា​គ្រឹះស្ថាន​បោះពុម្ព​ជិត​៨០០ ​ធ្វើ​នៅ​បរិវេណ​បណ្ណា​ល័យ​ជាតិ​មាន​រយៈពេល​៣ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ​ដល់​៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នេះ​។​

កម្មវិធី​ពិព័រណ៍​ដែល​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ ខណៈ​ការ​ប្រារព្ធ​ដំបូង ​ឆ្នាំ​២០១១​ ដោយមាន​អ្នក​ចូល​រួម​តិច ​និង​ចំនួន​ស្តង់​តាំង​សៀវភៅ​តិចតួច​នោះ​ ឥឡូវ​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ទាំង​អ្នក​ចូលរួម​បណ្ដា​គ្រឹះស្ថាន​បោះពុម្ព ​ក៏ដូចជា​ក្រុមហ៊ុន​ស្តង់ ស្ព​ន​ស័​រ កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់​ក្រោម​ប្រធានបទ​(​សៀវភៅ​រស់​ចំណេះ​រីក​)៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu