ក្មេងៗសិស្សសាលាអូស្ត្រាលីបានដឹកនាំបាតុកររាប់ពាន់នាក់នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ដើម្បីអំពាវនាវអោយផ្អាកផែនការរបស់ក្រុមហ៊ុនរុករករ៉ែ Adani ក្នុងការសាងសង់អណ្តូងរ៉ែធ្យូងថ្មដ៏ចម្រូងចម្រាសមួយនៅភាគឦសានប្រទេស។
ការប្រមូលផ្តុំនៅទូទាំងទីក្រុងធំៗបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាមួយកាលពីខែមុនដែលសិស្សនិស្សិតអូស្ត្រាលីរាប់ពាន់នាក់បានប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Scott Morrison និងមិនចូលសាលារៀនដើម្បីទាមទារអោយរដ្ឋាភិបាលចាត់វិធានការលើការប្រែប្រួលអាកាសធាតុ។
កុមារសិស្សសាលាបានអញ្ជើញមនុស្សពេញវ័យអោយចូលរួមព្រឹត្តិការណ៍នៅថ្ងៃសៅរ៍ដើម្បីជួយបង្កើនចំនួន។
សិស្សម្នាក់ឈ្មោះ Jean Hinchcliffe អាយុ១៤ឆ្នាំបានប្រាប់ក្រុមបាតុករថា “យើងកំពុងប្រកាន់ជំហរថា មេដឹកនាំរបស់យើងពិតជាភ័យខ្លាចណាស់ចំពោះខ្លួនឯង”។
នាងបន្ថែមថា “យើងគឺជាមនុស្សដែលបានតស៊ូហើយនឹងបន្តប្រយុទ្ធដើម្បីអនាគតដ៏ត្រចេះត្រចង់មិនមែនត្រឹមតែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់កូនៗរបស់យើងនិងចៅៗរបស់យើងព្រមទាំងមនុស្សជំនាន់ក្រោយទៀតផងដែរ”។
ក្រុមហ៊ុនរុករករ៉ែឥណ្ឌា Adani បានប្តេជ្ញាកាលពីខែមុនថានឹងបន្តការសាងសង់អណ្តូងរ៉ែធ្យូងថ្មដ៏ចម្រូងចម្រាសមួយនៅរដ្ឋ Queensland បើទោះបីជាគម្រោងនេះនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងពីផែនការមុនក៏ដោយ។
ការងារនៅអណ្តូងរ៉ែ Carmichael អាចដំណើរការបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ក្រុមអ្នកតវ៉ាបានអំពាវនាវដល់រដ្ឋាភិបាលនិងគណបក្សប្រឆាំងអោយបញ្ឈប់គម្រោងនេះ។
នៅពេលត្រូវបានគេសួរអំពីកុមារដែលមិនចូលរៀនដើម្បីធ្វើការតវ៉ាកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបាននិយាយថា “កុមារគួរតែទៅសាលារៀន”៕ AFP
Source: Kampuchea Thmey Daily
0 Comments