ភ្នំពេញ ៖ យ៉ាងហោចណាស់មានរថយន្តខូចខាតមួយគ្រឿង ម៉ូតូម៉ាកស្តុបពីមួយគ្រឿង និងបុរសជាជាងជួសជុលរថយន្តម្នាក់ រងរបួសធ្ងន់ ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តតាកូម៉ាមួយគ្រឿងបើកបរដោយបុរសម្នាក់ បុកចូលយានដ្ឋានយីហោសុខទី។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៨ នៅទីតាំងយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រថយន្ត ដែលបង្កគ្រោះថ្នាក់នោះ ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH.២១៨៤ បើកបរ ដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងទៅជួសជុល ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបត់ស្តាំចូលយានដ្ឋាន មិនដឹងមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្តុបពីតូច ពណ៌ក្រហម លាយសមួយគ្រឿង និងទៅបុកជាងកំពុងជួសជុលទៅផ្ទប់រថយន្តស៊ីអ័រវីមួយគ្រឿងបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត។
តាមម្ចាស់រថយន្តបានឲ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ ដោយសារពេលចូលយានប្រុងឈប់ជាន់ហ្វ្រាំង ស្រាប់តែច្រឡំហ្គែរ ក៏បានជ្រុលចង្កូតទៅបុករះតែម្ដង។ បន្ទាប់ពី មានគ្រោះថ្នាក់ នគរបាលចុះទៅកន្លែងកើតហេតុ ហើយភាគីទាំង២ ក៏បានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង៕
Source: Kampuchea Thmey Daily
0 Comments