Ad Code

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​ការដុត​នំក្រឡាន ជា​នំ​ប្រពៃណី​របស់​ខ្មែរ ទទួលបាន​រង្វាន់​ធំ​ពី​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​



​ភ្នំពេញ​ ៖ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អំពី​អ្នកលក់​តាម​ដងផ្លូវ​ម្នាក់ កំពុង​ធ្វើ​នំក្រឡាន ជា​នំ​ប្រពៃណី​របស់​ខ្មែរ ធ្វើ​ពី​អង្ករដំណើប ហើយ​ដុត​នៅក្នុង​បំពង់​ឫស្សី ត្រូវបាន​ជ្រើសរើស​ជា​រូបភាព​ឈ្នះ​គេ ក្នុងការ​ប្រកួត​ថតរូប ដើម្បី​អបអរ “​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​” ដែល​ត្រូវ​បានរៀបចំ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។



អ្នក​ថតរូប​ដែលជា​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ គឺ​លោក លាង វី​ល្លី បានទទួល​រង្វាន់​ធំ ដែលជា​ឧបករណ៍​សម្រាប់​ថតរូប មានតម្លៃ​ស្មើ​៧០០ ដុល្លារ ពី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ឯកឧត្តម George Edgar នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ដែល​ប្រព្រឹត្តទៅ​នៅឯ​សហភាព​អឺរ៉ុប កា​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍ នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ថា “​គណៈកម្មការ​បាន​កោត​សរសើរ​ចំពោះ​គុណភាព និង​អារម្មណ៍​ដែលមាន​នៅក្នុង​រូបថត​មួយ​សន្លឹក​នេះ ក៏ដូចជា​សេចក្តី​ពណ៌នា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​អំពី​នំក្រឡាន ដែលជា​ផ្នែក​មួយ​សំខាន់​នៃ​បេ​តិក​ភណ្ឌ​វប្បធម៌​របស់​កម្ពុជា ហើយ​ជា​អាហារ​ដែល​គេ​និយម​ចូលចិត្ត​ខ្លាំង​”​។

រូបថត​ជាង ៥០០ សន្លឹក ត្រូវបាន​ផ្ញើមក​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នេះ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជាការ​អបអរ​ឆ្នាំ ២០១៨ ដែលជា “​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​” ក៏ដូចជា​អបអរ​កម្មវិធី​ស្រដៀង​គ្នា​នេះ ​រាប់រយ​កម្មវិធី​ផ្សេងទៀត ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​ទ្វីបអឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​។​

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានឃើញ​ប្រតិកម្ម​តប​របស់​ប្រជាជន​ចំពោះ​កម្មវិធី​ប្រកួត​នេះ ហើយ​ពិតជា​រីករាយ​បន្ទាប់ពី​បានឃើញ​នូវ​ទិដ្ឋភាព​ផ្សេងៗ​នៃ​បេ​តិក​ភណ្ឌ​វប្បធម៌​ទាំងអស់នោះ តាមរយៈ​រូបថត​ដែលជា​ទឹកដៃ​របស់​ប្រជាជន​របស់​ប្រទេស​ដែល​សម្បូរ​ទៅដោយ​បេ​តិក​ភណ្ឌ​វប្បធម៌​មួយ​នេះ​។ ភាគច្រើន​នៃ​រូបថត​ដែល​យើង​ទទួលបាន​គឺ​បង្ហាញ​ពី​បេ​តិក​ភណ្ឌ​ផ្នែក​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​កម្ពុជា ជាមួយនឹង​រូបថត​ជាច្រើន​ស្ដីពី​ប្រាសាទអង្គរវត្ត និង​ប្រាង្គ​ប្រាសាទ ក៏ដូចជា​ទីវ​ត្ត​អារាម​នានា​ទូទាំងប្រទេស​។ រូបថត​ស្ដីពី​ម្ហូបអាហារ ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​សិល្បៈ​សម្ដែង​ផ្សេងៗ​ក៏មាន​ច្រើន​ផងដែរ​”​។

សមាសភាព​នៃ​គណៈកម្មការ​វាយតម្លៃ​រួមមាន វិចិត្រករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​គឺ​លោក ឈឹម សុធី និង​កញ្ញា ចាន់ ឌី​ណា រួមជាមួយ​អ្នកដឹកនាំ​រឿង អ្នកស្រី សុទ្ធោ គូលី​កា ហើយ​និង​អ្នក​ថតរូប​អាជីព គឺ​លោក ម៉ក់ រេ​មី​សា លោក John McDermott លោក Roberto Traina និង​លោក Laurent Dambies​។

លោក Roberto Traina បាន​ថ្លែងថា “​គណៈកម្មការ​ពិតជា​មាន​ការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ចំពោះ​គុណភាព​របស់​រូបថត ដែល​បាន​បញ្ជូនមក ហើយ​យើង​ពិតជា​ពិបាក​ក្នុងការ​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​អ្នក​ដែល​ជាប់​ការ​ជម្រុះ​ចុងក្រោយ និង​អ្នក​ដែល​ត្រូវ​ឈ្នះ​ក្នុង​កម្មវិធី​នេះ​ណាស់​”​។

រង្វាន់​សម្រាប់​អ្នក​ជាប់​លេខ​២ ដែលជា​ឧបករណ៍​ថតរូប​មានតម្លៃ​៦០០​ដុល្លារ ត្រូវបាន​ប្រគល់ជូន​លោក កែវ ដា​ណេ សម្រាប់​រូបថត​បង្ហាញ​ពី​ចម្លាក់​ព្រះ​កេស​មួយ​ដែល​រុំ​ព័ទ្ធ​ដោយ​ស្លៃ ហើយ​រង្វាន់​ទី​៣ ដែលជា​ឧបករណ៍​ថតរូប​មានតម្លៃ​៥០០​ដុល្លារ ត្រូវបាន​ផ្តល់ជូន​លោក រើ​ន រួម សម្រាប់​រូបថត ដែល​បង្ហាញ​មនុស្ស​អុជ​ធូប​នៅ​វត្ត​អារាម​។​

ចំណែកឯ​អ្នក​ថតរូប​១០ នាក់​ផ្សេងទៀត ដែល​រូបថត​របស់ខ្លួន​ត្រូវបាន​គណៈកម្មការ​ជ្រើសរើស​សម្រាប់​ជុំ​ជម្រុះ​នោះ ក៏បាន​ទទួល​រង្វាន់ និង​វិញ្ញាបនបត្រ​សម្រាប់​រូបថត​ដែលមាន​ការកោតសរសើ​រ​ខ្លាំង​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ផងដែរ​។ គោលការណ៍​ណែនាំ​សម្រាប់​ការប្រកួត​នេះ តម្រូវ​ឲ្យ​អ្នក​ថតរូប ផ្ដិត​យក​រូបភាព ដែល​ពណ៌នា​អំពី​បេ​តិក​ភណ្ឌ​វប្បធម៌ ក្នុង​គ្រប់​ទម្រង់​ទាំងអស់ រាប់​ចាប់ពី​សិល្បៈ ស្ថាបត្យកម្ម តន្ត្រី សិប្បកម្ម ម្ហូបអាហារ និង​ប្រពៃណី​បុណ្យ​ឈប់សម្រាក​ជាដើម​។​

រូបថត​របស់​ជ័យលាភី​ទាំងអស់ និង​អ្នក​ថតរូប ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់ នឹងត្រូវ​យកទៅដាក់​តាំង​បង្ហាញ​ជុំវិញ​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ នៅតាម​ទីកន្លែង​នានា ដូចជា សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សកល​វិទ្យាល័យ​បាត់ដំបង សកលវិទ្យា​ល័យ ជា ស៊ីម កំចាយមារ ក្នុង​ខេត្តព្រៃវែង និង​បណ្ឌិតសភា​អាស៊ី​-​អូស្ត្រាលី ក្នុង​ខេត្តកណ្ដាល៕
​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu