តាកែវ ៖ មន្ត្រីនគរបាលម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកបរម៉ូតូរបស់ខ្លួនខ្វះការប្រុងប្រយ័ត្នទៅបុកនឹងរថយន្តដឹកសាំងយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
ករណីនេះដែរតាមការឲ្យដឹងពីប៉ូលិសស្រុកត្រាំកក់បានប្រាប់ថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូលសេ៥០ ពណ៌បៃតង គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ណៃ គឹមហាច ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនគរបាល នៅភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបើកបរម៉ូតូមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងថ្នល់ទៅទិសខាងត្បូង រួចក៏បានបុកគ្នាជាមួយរថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6739 មានសណ្តោងស៊ីទែន ពាក់ស្លាកកលេខ ភ្នំពេញ 4A-4197 អ្នកបើកបរគេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងលិច។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់វាស់វែង និងបានដកហូតវត្ថុតាងទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments