Ad Code

រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍ ​នឹង​រួមគ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​



​ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ​នឹង​រួមគ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​កាន់តែ​ថយចុះ​ថែមទៀត​។​

ការស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​នេះ​គឺធ្វើឡើង​តាមរយៈ​ការរៀបចំ​សន្និសីទ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ​ខាងមុខនេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​បទពិសោធន៍​និង​ការ​ពិ​ភាក្សា​អំពី​យុទ្ធសាស្ត្រ​និង​សកម្មភាព​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សាន់វ៉េ​រាជធានី​ភ្នំពេញ លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា សន្និសីទ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​សប្តាហ៍​ក្រោយនេះ ​នឹង​ពិនិត្យ​លើ​ការអនុវត្ត​ច្បាប់ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ក្នុងចំណោម​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងទៀត​។​

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា សន្និសីទ​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ដែ​លអាច​ឲ្យ​យើង​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​និង​ការពិភាក្សា អំពី​យុទ្ធសាស្ត្រ​និង​សកម្មភាព​ជាក់ស្តែង ដែល​អាច​ព​ន្លឿ​ន​វឌ្ឍនភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា ពិសេស​គាំទ្រ​ដល់​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១១-២០២០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) ។​


លោកស្រី​បាន​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​អ្នកបង្កើត​គោលនយោបាយ អ្នកពាក់ព័ន្ធ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ អ្នកតស៊ូ​មតិ​ផ្នែក​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ វិចិត្រករ អង្គការក្រៅរដ្ឋាភិបាល បណ្តាញ​អាជីវកម្ម និង​យុវជន ចូលរួម​ក្នុង សន្និសីទ​ប្រចាំឆ្នាំ​ខាងមុខនេះ ដើម្បី​រួមគ្នា​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ភាពប្រសើរ ជាង​បច្ចុប្បន្ន​។
​លោកស្រី​បាន​បន្តថា​រាជរដ្ឋាភិបាល​និង​អង្គការ​ដៃគូ​តែងតែ​បង្កើត​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នា នា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ប្រើប្រាស់​ផ្លូវ​ទាំងអស់គ្នា​ពី​ការស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ​។​

​គួរ​កត់សម្គាល់ថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ មានការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​។ គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម និង​ផលប៉ះពាល់​ជាច្រើន​ដល់​សេដ្ឋកិច្ច និង​សង្គម និង​បញ្ហា​ប្រឈម​គួរឱ្យ​ព្រួយ​បារ​ម្ភ។

​យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​ថា ជា​រៀងរាល់ឆ្នាំ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជិត​២.០០០​នាក់ និង​របួសធ្ងន់​រហូត​ដល់​ជិត​៥.០០០​នាក់​ដែល​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​បង្កឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្នុងពេល​ស្រវឹង ការបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅលើ​ដងផ្លូវ និង​ការ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ជាដើម​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu