Ad Code

អគ្គិភ័យ​នៅ​ស្ទឹងមានជ័យ​ បំផ្លាញ​ផ្ទះមួយ​ខ្នង ​និង​បង្ក​ឲ្យ​ស្លាប់​ម្ចាស់ផ្ទះ​



​ភ្នំពេញ ៖ អគ្គិភ័យ​មួយ ​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ​ថ្ងៃទី​៤​ធ្នូ​នេះ​ បង្ក​ឲ្យ​ម្ចាស់ផ្ទះ​ស្លាប់​ចំណែក​កូនស្រី​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​។​ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ​ក្រុមទី​៣ ​ភូមិ​ដំណាក់​ធំ​១ ​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​រ៉ូ ម៉ា ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំមាន​សតិ​មិនល្អ​រស់នៅ​តែ​ពីរ​នាក់​កូនស្រី​ឈ្មោះ​មុំ អាយុ​៣៧​ឆ្នាំ​ ជា​មនុស្ស​មាន​សតិ​មិនល្អ​ដូចគ្នា​។​

តាម​សាក្សី​បាន​ឲ្យ​ដឹងថា ​អគ្គិភ័យ​នេះ​ផ្តើមចេញពី​ លោកតា ​រ៉ូ ម៉ា ជក់បារី​ ហើយ​បោះ​កន្ទុយបារី​ចោល​ក្នុង​ផ្ទះ ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​ ណាមួយ​ផ្ទះ​ជនរងគ្រោះ​សង់​ពី​ឈើ​ផង ​ទើប​ងាយ​នឹង​ឆេះ​។​

ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង ​អាជ្ញាធរ​បាន​ទូរស័ព្ទ​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​ចំនួន​៥​គ្រឿង​ ទើប​រលត់​។

​ដោយឡែក ​ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច ​និង​ស្លាប់​នៅក្នុង​ផ្ទះ​តែម្ដង​។​ រីឯ​កូនស្រី​ ដែលមាន​សតិ​មិនល្អ​ដូច​ឪពុក​ ទៅ​រស់នៅ​ជាមួយ​អ្នកណា ​បើ​សតិ​មិន​គ្រប់​បែបនេះ ​ខណៈ​ដែល​ឪពុក​ស្លាប់ចោល​ទៅ​ហើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu