Ad Code

តម្លៃ​សៀវភៅ​ឆ្លងដែន ( BORDER PASS ) ត្រូវ​បាន​គេ​កាប់ឆៅ​ នៅ​ច្រក​ភ្នំ​ដី​



បាត់ដំបង ៖ បច្ចុប្បន្ន​ពលករ​ខ្មែរ​ភាគច្រើន ដែល​បាន​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ គីឡូ១៣ ( ភ្នំ​ដី ) កំពុង​ថ្ងួចថ្ងូរ​យ៉ាង​ខ្លាំង​អំពី​ការ​ធ្វើ​សៀវភៅ​សម្រាប់​ឆ្លងដែន ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ( BORDER PASS ) ដោយសារតែ​តម្លៃ​កប់​ពពក ស្មើនឹង​អារ ក មូស​យក​ឈាម យ៉ាង​ដូច្នេះ​ដែរ។​

យោងតាម​ប្រភព​មួយចំនួន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​អន្តរជាតិ​គីឡូ១៣ ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ការធ្វើ​សៀវភៅ​ឆ្លងដែន គឺមាន​ច្រើន​កន្លែង ដូចជា​នៅ​សាលាស្រុក​សំពៅ​លូន នៅ​សាលាខេត្ត​បាត់ដំបង​ និង​នៅ​ប៉ុស្តិ៍ ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​ច្រក​តែម្ដង។​

​ជាទូទៅ​ តម្លៃ​ស្តង់ដារ ដែល​ប្រកាស និង​ចេញ​ដោយ​លោក​អភិបាលខេត្ត​ ងួន រតនៈ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ក្នុង​សៀវភៅ​មួយ​ក្បាល​តម្លៃ ៣០.០០០​រៀល អាចធ្វើ​ដំណើរ​ចូល​បាន​៣​ខេត្ត ចំពោះ​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេសកម្ពុជា ព្រមទាំង​មាន​រយៈពេល១ សប្ដាហ៍ ដោយ​តម្រូវឲ្យ​ពលករ​ឡើងមក​វាយ​ត្រា​បន្ត។​

​ប៉ុន្តែ​បើតាម​ប្រភព​ច្បាស់​ការណ៍​បានឲ្យ​ដឹងថា ​ក្នុង​តម្លៃ ៣០.០០០​រៀល​នេះ​ គឺ​សម្រាប់​តែ​ពលករ​ណា​ឡើង​ទៅ​ធ្វើ​នៅក្នុង​សាលាស្រុក ឬ​សាលាខេត្ត តែ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ពួកគាត់​មិនអាច​រង់ចាំ​បាន ព្រោះ​សេវាកម្មវាយូរពេក​ រហូត​១ខែ ឬ​១ខែ​កន្លះឯណោះ ទើប​ទទួលបាន​សៀវភៅ​នោះ ដូច្នេះ​ពួកគាត់​ត្រូវ​រង់ចាំ នេះហើយ​ដែលជា​បញ្ហា​សម្រាប់​ពួកគាត់​ដែលមាន​បំណង​ចង់​ចូលទៅ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ។​

​ដោយឡែក​ ចំពោះ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ប្រចាំ​ច្រក គឺ​ពលរដ្ឋ​បាន​រិះគន់ថា គឺ​ពួកគេ​មាន​បំណង​កៀបសង្កត់​ពលករ​តែម្ដង ដោយ​ម្នាក់ៗ​ខំប្រឹង​អារ ក យក​ឈាម​ពី​សត្វ​មូល​ដ៏​តូច​ល្អិត១​ក្បាល នេះ​ក៏​អាច​ថា​ជាការ​កំណត់​របស់​លោក​មេ​ប៉ុស្តិ៍ ព្រី​ណា ហ្សា​ណូ តែម្ដង ទើប​សេនា​ឆ្វេង ស្តាំ ហ៊ាន​ធ្វើ
​ព្រោះ​តម្លៃ​លើ​សៀវភៅ១ក្បាល ចាប់ពី១.២០០បាត ដល់ ១.៩០០​បាត ( បូក​ទាំង សគុណ​១០០បាត ផង ) ដោយសារតែ​ធ្វើបាន​លឿន (៣ថ្ងៃបាន)។​

​រាល់​ទង្វើ​ទាំងនេះ ក៏មាន​ប្រភព​មួយចំនួន​បាន​សង្កត់ធ្ងន់ថា វា​អាច​មានការ​ត្រូវរ៉ូវ​គ្នា តាមបែប​លក្ខណៈ​ប្រព័ន្ធ ដើម្បី​បែងចែក​ផលចំណេញ​ទាំងសងខាង​ ព្រោះ​គេ​បាន​ចោទ​សួរ​ថា « តើ​ការធ្វើ​សៀវភៅ ឆ្លង​ដែរ អាច​លឿន ឬ យឺត​ទៅតាម​ទឹក​លុយ​មែនដែរ​ឬទេ ? » ព្រោះ​តម្លៃ ៣០.០០០រៀល ឲ្យ​ពួកគាត់​រង់ចាំ​រាប់​ខែ ឯ​មន្ត្រី​អន្តោប្រវេសន៍​ដែល​យក​ថ្លៃ ហេតុម្តេច​បានជា​ធ្វើ៣ថ្ងៃ​រួច​? ឯ​ការ​ចុះ​ហត្ថលេខា នៅលើ​សៀវភៅ​នោះ សុទ្ធតែ​លោក​អភិបាលខេត្ត​ ងួន រតនៈ ទាំងអស់ !.. ។

​នៅ​ព្រឹក​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះដែរ កម្ពុ​ជាថ្មី បាន​ព្យាយាម​ទូរស័ព្ទទៅ​លោកអភិបាលខេត្ត ងួន រតនៈ ក៏ដូចជា​លោកវរសេនីយ៍ឯក ព្រី​ណ ហ្សា​ណូ​ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ទទួល​ខ្សែ​ទូរស័ព្ទ​ឡើយ ព្រោះ​កម្ពុ​ជាថ្មី ចង់ដឹងថា តើ​កត្តា​អ្វីដែល​ជំរុញ​ឲ្យ​នគរបាល​អន្តោប្រវេសន៍ តម្លើងថ្លៃ​សេវា​ធ្វើ​សៀវភៅ​ឆ្លងដែន​បាន​យ៉ាង​រលូន​បែបនេះ ហើយ​រាល់​ទង្វើ​ទាំងនេះ លោក ព្រី​ណា ហ្សា​ណូ​ អាច​ប្រឈមមុខ​ជា​មួយ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​ឬ​ទេ ?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu