លោក Robert Mueller រដ្ឋអាជ្ញាពិសេសទទួលបន្ទុកស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតបានផ្តល់អនុសាសន៍កាលពីថ្ងៃអង្គារថា លោក Michael Flynn ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Donald Trump នឹងមិនប្រឈមការជាប់ពន្ធនាគារទេដោយសារតែកិច្ចសហការ “ប្រកបដោយចីរភាព” របស់គាត់ជាមួយការស៊ើបអង្កេត។
លោក Mueller បាននិយាយនៅក្នុងឯកសាររបស់តុលាការថា លោក Flynn ដែលបានសារភាពកាលពីឆ្នាំមុនថាបាននិយាយកុហកអំពីទំនាក់ទំនងរបស់គាត់ជាមួយប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការឈ្នះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០១៦របស់លោក Trump នោះគឺបានជួយដល់ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌរបស់គាត់និងមិនបានបញ្ជាក់ច្បាស់លាស់ផ្សេងទៀតរួមទាំងការសម្ភាសន៍ចំនួន១៩ដងផងដែរ។
នៅក្នុងកំណត់ហេតុមួយទៅកាន់តុលាការសហព័ន្ធក្រុងវ៉ាស៊ីនតោនស្តីពីការផ្តន្ទាទោសនាពេលខាងមុខរបស់លោក Flynn, លោក Mueller ក៏បាននិយាយផងដែរថា បើទោះបីជាគាត់មានបទល្មើស “ធ្ងន់ធ្ងរ” ក៏ដោយ ឧត្តមសេនីយ៍ផ្កាយ៣ចូលនិវត្តនិងជាអតីតប្រធានចារកម្មមន្ទីរបញ្ចកោណរូបនេះគឺមានកំណត់ត្រាយោធានិងសេវាសាធារណៈដ៏ល្អឥតខ្ចោះ។
រដ្ឋអាជ្ញាពិសេសរូបនេះបានផ្អាកការកាត់ទោសលោក Flynn បួនដងរួចមកហើយក្នុងរយៈពេលមួយឆ្នាំដោយលើកឡើងថា គាត់បានក្លាយជាសាក្សីដ៏មានតម្លៃ។
លោក Flynn គឺជាអ្នកមានទោសដំបូងគេដែលត្រូវបានធានាសុវត្ថិភាពដោយការស៊ើបអង្កេតរបស់លោក Muller អំពីការឃុបឃិតរវាងយុទ្ធនាការបោះឆ្នោតរបស់លោក Trump និងរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស៊ើបអង្កេតនៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៤, ៤ថ្ងៃបន្ទាប់ពីពិធីសម្ពោធចូលកាន់តំណែងរបស់លោក Trump, លោក Flynn បានកុហកអ្នកស៊ើបអង្កេតអំពីការសន្ទនាកាលពីខែធ្នូរបស់គាត់ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Sergei Kislyak ដែលក្នុងនោះលោក Flynn ហាក់ដូចជាព្យាយាមបំផ្លាញគោលនយោបាយរបស់ប្រធានាធិបតីមុនគឺលោក Barack Obama ។
នៅពេលនោះលោក Obama បានរៀបចំផែនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់ការជ្រៀតជ្រែករបស់ខ្លួននៅក្នុងការបោះឆ្នោតឆ្នាំ២០១៦។
បន្ទាប់មកនៅក្នុងខែមីនាឆ្នាំ២០១៨ នៅក្នុងបទសម្ភាសន៍ជាលើកទីពីរជាមួយ FBI, លោក Flynn ក៏បានកុហកផងដែរចំពោះការពិតដែលថា មុននិងក្រោយការបោះឆ្នោត គាត់មានកិច្ចសន្យាតម្លៃចំនួន៥០០,០០០ដុល្លារដែលគាត់មិនបានរាយការណ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments