ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko កាលពីថ្ងៃអង្គារបានជួបជាមួយក្រុមគ្រួសាររបស់នាវិកអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយក្រុងមូស្គូដោយប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ។
លោក Poroshenko បានប្រាប់សាច់ញាតិរបស់នាវិកចំនួន២៤នាក់ដែលរុស្ស៊ីចាប់ខ្លួនកាលពីខែមុនថា “ចំពោះខ្ញុំ គ្មានអ្វីសំខាន់ជាងការនាំពួកគេចេញនោះទេ”។
លោកបាននិយាយអំឡុងជំនួបមួយនៅការិយាល័យរបស់គាត់ថា “ឥឡូវនេះ ប្រជាជនអ៊ុយក្រែនទាំងអស់មានមោទនភាពចំពោះមនុស្សជាទីស្រលាញ់របស់អ្នក”។
កាលពីចុងខែមុន ប្រទេសរុស្ស៊ីបានបើកការបាញ់ប្រហារនិងរឹបអូសយកនាវាជើងទឹកអ៊ុយក្រែនចំនួន៣គ្រឿងខណៈពួកគេព្យាយាមឆ្លងកាត់ច្រក Kerch ពីសមុទ្រខ្មៅទៅសមុទ្រ Azov ។
សមាជិកនាវិកអ៊ុយក្រែនចំនួន២៤នាក់ដែលក្នុងនោះមានបីនាក់រងរបួសគឺត្រូវបានគេឃុំខ្លួន។
ឧបទ្ទវហេតុនេះគឺជារឿងគ្រោះថ្នាក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរវាងប្រទេសជិតខាងអតីតសូវៀតទាំងពីរដែលបានជាប់ក្នុងការប្រឈមមុខគ្នាមួយចាប់តាំងពីឆ្នាំ២០១៤មកនៅពេលដែលរុស្ស៊ីកាត់យកឧបទ្វីប Crimea និងគាំទ្រកុបកម្មនៅភាគខាងកើតអ៊ុយក្រែន។
មនុស្សជាង១០,០០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។
ថ្វីបើមានការអំពាវនាវជាអន្តរជាតិសុំអោយមានការដោះលែងក៏ដោយ ជនជាតិអ៊ុយក្រែនត្រូវបានផ្តន្ទាទោសអោយជាប់ឃុំរយៈពេលពីរខែហើយឥឡូវនេះត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា នាវាអ៊ុយក្រែនបានឆ្លងចូលទៅក្នុងដែនសមុទ្រដោយខុសច្បាប់ហើយបានទទូចថា ក្រុងមូស្គូនឹងមិនដោះលែងនាវិកទាំងនេះជាផ្នែកមួយនៃការដោះដូរទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Poroshenko បានទទូចថា ការឃុំខ្លួននាវិកទាំងនោះគឺខុសច្បាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments