បាត់ដំបង ៖ យុវជនឈាមរាវចំនួន៦នាក់ ដែលត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ចោទពីករណីលួច គំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ត្រូវបានឃាត់ខ្លួនទាំងសំបុក បន្ទាប់ពីពួកគេបានប្រើប្រាស់អាវុធបាញ់គំរាមម្ចាស់ចម្ការ ដើម្បីលួចកាត់ដើមធ្នង់យកជាផលប្រយោជន៍របស់ពួកគេ។
ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើង នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ ចំណុចថ្មតម្រួត ស្ថិតក្នុងភូមិ អូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំឡូត បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។
ជនទាំង៦នាក់ខាងលើមានឈ្មោះ ៖
១.ឈ្មោះ យី ម៉ង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
២/ឈ្មោះ ប៉ែត សំអ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាំងតាគង់ ឃុំនទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣/ឈ្មោះ ឆៃ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្តួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
៤/ឈ្មោះ នាក់ មឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរុន ឃុំសំឡូតស្រុកសំឡូត ខេត្តបាត់ដំបង។
៥/ឈ្មោះ សៀង សុខា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅដូចគ្នា។
៦/ឈ្មោះ គឿត សាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូចគ្នា។
គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០វិច្ឆិកា នៅត្រង់ ចំណុចខាងលើ គឺមានជនរងគ្រោះ ឈ្មោះ សូត្រ ណុង ហៅ ម៉ម នឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខ របរធ្វើចម្ការ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានប្តឹងមកថា មានយុវជនចំនួន៦នាក់ បានចូលលួចអារឈើក្នុងដីចម្ការរបស់ខ្លួន ពេលខ្លួន ឮសូរសំឡេងម៉ាស៊ីនកាត់ឈើ ក៏ដើរទៅមើល ស្រាប់តែក្រុមជនសង្ស័យបានបាញ់កាំភ្លើងមួយគ្រាប់គំរាមកំហែងមិនឲ្យចូលទៅក្បែរ។
ដោយពេលនោះ ពួកគេបានធ្វើសកម្មភាពកាត់ដើមធ្នង់មួយដើម ទើបខ្លួនមានការភ័យខ្លាច ក៏ប្តឹងសមត្ថកិច្ចតែម្ដង។
ក្រោយពេលប៉េអិមឃាត់ខ្លួនបាន គឺ ពួកគេទាំងនោះមាន ឈ្មោះ ១. ឈ្មោះ យី ម៉ង់ ,២. ឈ្មោះ ប៉ែត សំអ៊ុន ,៣. ឈ្មោះ ឆៃ ណាក់, ៤. ឈ្មោះ នាក់ មឿន ,៥. ឈ្មោះ សៀង សុខា ,៦. ឈ្មោះ គឿត សាវី។
ចំណែក វត្ថុតាង ដកហូតរួមមាន កាំភ្លើងAK បត់១ដើម និងគ្រាប់៤គ្រាប់ ម៉ាស៊ីនអារឈើ១គ្រឿង រថយន្តកែច្នៃ១គ្រឿង និងឈើធ្នង់១ដើម។
បច្ចុប្បន្ន ជនសង្ស័យចំនួន៦នាក់ និងវត្ថុតាង កំពុងឃាត់នៅមូលដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងនិងរៀបចំបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments