Ad Code

ស្ត្រី​ជា​អ្នកទោស​មានកូន​តាម​ម្តាយ​និង​មាន​ផ្ទៃពោះ​ចំនួន​១៣​នាក់​ ទទួល​កញ្ចប់​ទ្រទ្រង់​សុខភាព​ពី​សាខា​កាកបាទក្រហម



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ លោក​លី​ សារី​ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​តំណាង​ឲ្យ​លោក​សួន​ បវរ​អភិបាលខេត្ត ​និង ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ជាច្រើន​នាក់​ បាន​នាំ​យក​កញ្ចប់​ទ្រទ្រង់​សុខភាព​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ទៅ​ចែក​ជូន​ស្ត្រី​ជា​អ្នកទោស​ដែល​មាន​កូន​តាម​ម្តាយ​និង​មាន​ផ្ទៃពោះ​ចំនួន​១៣​នាក់ ​នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។



លោក​អ៊ុង​ ស៊ី​ផាន ​ឧ​ត្ត​ម​អត្ថា​នុ​រក្ស​ថ្នាក់​លេខ​២​ និង ​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ជា​អ្នក​ជាប់ពន្ធនាគារ​ដែល​ត្រូវ​ទទួល​កញ្ចប់​ទ្រទ្រង់​សុខភាព​មាន​ចំនួន​១៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ម្នាក់​ និង ​ស្ត្រី​ដែល​មាន​កូន​តាម​ម្តាយ​មាន​ចំនួន​១២​នាក់​ហើយ​ជាក់ស្តែង​ជន​ជាប់ឃុំ​មាន​ចំនួន​សរុប​១.៥៥៣ នាក់ ស្រី​១១៩​នាក់ ជន​ត្រូវ​ចោទ​មាន​ចំនួន ២២៧​នាក់ ស្រី​១៧​នាក់ ជនជាប់ចោទ​មាន​ចំនួន​២៩៧​នាក់​ស្រី​១០​នាក់ ពិរុទ្ធជន​មាន​ចំនួន​៥៨២​នាក់​ស្រី​៥៧​នាក់ ទណ្ឌិត មាន​ចំនួន​៤៤៧​នាក់ ស្រី​៣៥​នាក់ អ​នីតិ​ជន​មាន​ចំនួន​១៣០​នាក់ ស្រី​៤​នាក់ ជនបរទេស​មាន​ចំនួន​២៨​នាក់ ស្រី​៤​នាក់ កុមារ​តាម​ម្តាយ​មាន​ចំនួន​១៣​នាក់ ស្ត្រី​មាន​ផ្ទៃពោះ​មាន​ចំនួន​១​នាក់​។ ក្នុង​អ្នក​ជាប់ឃុំ​នោះ​ច្រើនជាងគេ​គឺ​បទល្មើស​គ្រឿងញៀន​មាន​ចំនួន​៩២៩​នាក់ ស្រី​៩៧​នាក់​ជន​ជាប់ឃុំ​ចូល​ថ្មី​គិត​ពី​ថ្ងៃទី​១​មករា ដល់​ថ្ងៃទី​២០​តុលា​មាន​ចំនួន​២.០១៨នាក់។

លោក​អ៊ុង​ ស៊ីផាន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជន​ជាប់ឃុំ​ទាំងអស់​ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​គាត់​មាន​ដូច​ជា រៀន​កាត់ដេរ រៀន​ជួសជុល​គ្រឿង​អេ​ឡិ​ត​ត្រួ​និ​ច រៀន​ជួសជុល​ម៉ួតូ រៀន​ភ្លេងសម័យ រៀន​កាត់សក់ រៀនអក្សរ​ខ្មែរ​ថ្នាក់​ទី​១​រហូតដល់​ថ្នាក់​ទី​៨។ ក្នុង​នោះ​ជន​ជាប់ឃុំ​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​លើកលែងទោស​ក្នុង​១​ឆ្នាំ​ មាន​ចំនួន​៣​លើក​ផង​ដែរ។



លោក​លី​ សារី ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា ​​ជាការ​យកចិត្តទុកដាក់​ពីស​ម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ហើយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​សមាជិក​នាំយក​កញ្ចប់​ទ្រទ្រង់​សុខភាព​ចែកជូន​ស្ត្រី​ជា​ជន​ជាប់ឃុំ​មាន​ចំនួន​១៣​នាក់​មាន​ស្ត្រី​មានកូន​តាម​ម្តាយ​ចំនួន​១២​នាក់​និង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​។ ក្នុងម្នាក់​ទទួលបាន​កន្សែង​ពោះគោ​ធំ​១ ទឹកដោះគោឆៅ​១​ឡូ ទឹក​សុទ្ធ​១​កេស ទឹកដោះគោ​ខាប់​២​កំប៉ុង អូរ​វ៉ាន់​ទីន​២០​កញ្ចប់ សាប៊ូកក់សក់​១​ដប សាប៊ូកក់​ខ្លួន​២​ដុំ ម្ស៉ៅ​លាប​ខ្លួន​១​ដប នំ​ធុង​១​ធុង ក្រដាស​សើម​២​ដុំ ថវិកា​២​ម៉ឺន​រៀល សា​រ៉ុង​១​។​លោក លី សារី បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ស្ត្រី​ជា​ជន​ជប់​ឃុំ​ទាំង​១៣​នាក់​ត្រូវ​ចេះ​ថែរក្សា​កូន​ដែល​តាម​ម្តាយ​ជាប់ពន្ធនាគារ​ព្រោះ​កូន​មិនបាន​ដឹង​អ្វី​ទាល់តែសោះ​នៅពេល​ម្តាយ​មានទោស​នៅក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​។ ត្រូវ​ចេះ​កែខ្លួន​ឲ្យ​បានល្អ​បញ្ឈប់​រាល់​អំពើ​ល្មើសច្បាប់​ពេល​បញ្ចប់​ទោស​ចេញ​ត្រូវ​កែខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu