ភ្នំពេញ ៖ ទូហ្គេមគ្រប់ប្រភេទចំនួន៧៣គ្រឿងត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសាយណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកប៊ុនសត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងបាន ធ្វើការដុតកំទេចចោល កាលពីវេលាម៉ោង៣នឹង៤០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីទំនេរមួយកន្លែងស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទូហ្គេមទាំងអស់យើងធ្វើការដុតកំទេចនេះ មានចំនួន ៧៣ទូ ក្នុងនោះទូហ្គេមបាញ់ត្រីចំនួន៤៧គ្រឿងនិងហ្គេមបៀរចំនួន២៦គ្រឿងដែលតុលាការដឹកនាំមន្ត្រីនគរចុះបង្ក្រាប ក្នុងរយៈពេល កន្លងមក នៅតាបណ្តាខណ្ឌនានាក្នុង រាជធានីភ្នំពេញ។
លោក បានបន្តថា ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុច និងអនុវត្តតាមបទបញ្ជារបស់អភិបាលរាជធានី ភ្នំពេញ ក៏ដូចជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកក៏បានដឹកនាំអនុវត្តយ៉ាងខ្ជាប់ខ្ជួនកន្លងមក ដោយបង្ក្រាបបានជាបន្តបន្ទាប់ហើយទិសដៅបន្តយើងសហការបង្ក្រាបនូវបទល្មើសផ្សេងៗ និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវបទល្មើសដែលកើតមានឡើងក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments