ភ្នំពេញ ៖ ចាត់ទុកថាជាសំណាងមួយដែរ ដែលរថយន្ដសណ្ដោងកុងតឺន័រ បើកកៀរអ្នកជិះម៉ូតូពីក្រោយ ហើយកិនបញ្ឆិត គ្រាន់តែបណ្ដាលឲ្យអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់ និងស្រាល ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ ពេលនោះរថយន្តព្យាយាមបើករត់បានចម្ងាយជាង១០០ម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខ បុរី សែនមនោរម្យ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យជា។
រថយន្តបង្ក ម៉ាកហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B -2501 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត។ ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1BN-3436 បើកបរដោយយុវជន២នាក់ ក្នុងទិសដៅពីលិចទៅកើតស្របគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម បន្ទាប់មកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា បន្ទាប់មករថយន្តកុងតឺន័របានបើកកៀរម៉ូតូរងគ្រោះបណ្ដាលឲ្យកង់ម៉ូតូត្រូវរថយន្តបង្កកិនរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿន ក្នុងគោលបំណងបើករត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋធ្វើដំណើរជាមួយនាំគ្នាចាប់ឃាត់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង និងយករថយន្តបង្ក ព្រមទាំងម៉ូតូរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments