ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចកែប្រែបទចោទលើប្រធានសហជីព ចំនួន៥ និងប្រធានសមាគម១ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ៦ខែ តែទោសនេះ ត្រូវព្យួរ និងបង្គាប់ឲ្យរួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន២នាក់ ចំនួន៣៥លានរៀល។
សាលក្រមនេះ ប្រកាសកំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទទាំង៦នាក់រួមមាន ១-លោក អាត់ ធន់ ប្រធានសហជីព ស៊ីកាឌូ ។ ២-លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ៣-លោក ជា មុន្នី។ ៤-លោកស្រី ម៉ម យឹម។ ៥-លោកស្រី យ៉ាង សោភ័ណ។ ៦-លោក ប៉ាវ ស៊ីណា។
លោកចៅក្រម អ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ, លោក លី សុផាណា ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់មេសហជីព និងមេសមាគមទាំង៦នាក់ ពីបទ ១.ហិង្សាដោយចេតនា មានស្ថានទំងន់ទោស , ២.បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទំងន់ទោស , ៣.គំរាមកំហែងថា នឹងធ្វើឲ្យមានការខូចខាតដែលភ្ជាប់នីវបញ្ជាអ្វីមួយ , បទប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ ប្រព្រឹត្តនៅមុនចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ ស្ដីពីចរាចរផ្លូវគោក។
សវនាការនេះ ដោយសារតែគ្មានវត្តមានជនត្រូវចោទ តុលាការ បានត្រឹមតែសាកសួរមន្ត្រីនគរបាល២នាក់ ដែលរងរបួសក្នុងហេតុការណ៍ នៃអំពើហិង្សារនោះ។
ក្នុងនោះ មានម្នាក់ ដកពាក្យឈប់ប្ដឹង និងម្នាក់ទៀត មានរបួសខ្វាក់ភ្នែក ប្ដឹងទាមទារសំណង១ម៉ឺនដុល្លារ និងការអានចម្លើយពួកជនជាប់ចោទនៅដំណាក់កាលចៅក្រមស៊ើបសួរប៉ុណ្ណោះ ដែលចម្លើយពួកគេម្នាក់ៗសុទ្ធតែបដិសេធថា មិនបាននៅកន្លែងកើតហេតុ ឬដឹកនាំការធ្វើបាតុកម្មនោះទេ ។
ចំណែកសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ជីម៉ាក់ ដែលតំណាងឲ្យរោងចក្រកាត់ដេរជាង២០០ រងគ្រោះដោយរលកអំពើហិង្សាបានសម្រេចដកពាក្យឈប់ប្ដឹងមេៗសហជីព និងសមាគមគ្រូបង្រៀនរបស់ លោក រ៉ុង ឈុន ដែលពាក្យឈប់ប្ដឹងទើបតែដាក់ចូលតុលាការនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងសវនាការនេះ តុលាការបានចាក់ស្លាយវីដេអូពីសកម្មភាពបង្កហិង្សាដោយក្រុមកម្មករនៅលើផ្លូវវេងស្រេងយ៉ាងពុះកញ្ជ្រោលក្នុងរោងចក្រកាត់ដេរនានា។
ស្ដែងពីទង្វើហិង្សានេះ តំណាងអយ្យការ បានធ្វើសេចក្ដីសន្និដ្ឋាន រក្សាទុកបទចោទឲ្យនៅជាធរមាននិងស្នើឲ្យចៅក្រមសម្រេចតាមនីតិវិធី។ ប៉ុន្តែពេលប្រកាសសាលក្រម នាថ្ងៃទី១១ធ្នូ ចៅក្រមតុលាការ សម្រេចកែប្រែបទចោទមកអ្នកផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស បទផ្ដើមគំនិតធ្វើឲ្យខូចខាតដោយចេតនា បទផ្ដើមគំនិតប្រើមធ្យោបាយបង្កកការកកស្ទះចរាចរ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅមុខសួនកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមបញ្ញត្តិមាត្រា២១៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ចរាចរផ្លូវគោក៕
Source: Kampuchea Thmey Daily
0 Comments